សម្ដេចតេជោ ហ៊ុន សែន ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្ត្រអាមេរិក


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម តំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកតំណាងរាស្រ្តមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)។

សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលបានក្លាយជាសភាសង្កេតការណ៍របស់AIPA។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជា នៅក្នុងរយៈពេលពីរសប្តាហ៍នេះ របស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្ត ហ្គ្រឺហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និង ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន (Lloyd Austin) ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដោយគូសបញ្ជាក់ថា ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ ក៏ដូចជាការផ្តល់តម្លៃដល់កម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗខាងលើនេះ។

ឯកឧត្តមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទាំងបីខាងលើប្រកបដោយជោគជ័យ ខណៈដែលតំបន់ និងពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយលោកក៏បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងវ៉ាស៉ីនតោន ឌី.ស៉ី កាលពីខែឧសភាកន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយ លោកប្រធានាធិបតី ចូ បៃដិន ហើយដែលជាឱកាសសម្រាប់កម្ពុជាចូលរួមចំណែកក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងបានរំលឹកអំពីជំនួបប្រកបដោយស្ថាបនា រវាងរូបសម្តេចផ្ទាល់ និងលោកប្រធានាធិបតី ចូ បៃដិន នាពេលថ្មីៗនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម តំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវសេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ឯកឧត្តមតំណាងរាស្ត្រ បានអះអាងជូនសម្តេចតេជោថា សហរដ្ឋអាមេរិកចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច ខណៈពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី៧២ឆ្នាំមុន ហើយថាប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបឯកឧត្តមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនា កន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្សនយោបាយនានា សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ។

ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក ក៏បានផ្លាស់ប្តូរទស្សនៈ លើការវិវឌ្ឍសំខាន់ៗក្នុងតំបន់ និងសកលលោកផងដែរ រួមទាំងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន ហើយដែលក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្ត្រ បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់គោលជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយលក្ខណៈត្រង់ទៅត្រង់មក និងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល៕