តំណាងរាស្ត្រមណ្ឌលកំពង់ធំ៖ គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជន ជាចក្ខុវិស័យវែងឆ្ងាយ ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនទៅមុខ


ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានថ្លែងថា គោលនយោបាយច្បាស់លាស់ប្រាកដប្រជារបស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយ ដែលធ្វើឱ្យកម្ពុជាកាន់តែឈានឆ្ពោះរីកចម្រើនទៅមុខ។

ការថ្លែងបែបនេះ របស់ឯកឧត្តម ឃឹង នុភាព បានធ្វើឡើងក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមក្រុមការងារចុះមូលដ្ឋានឃុំគោល ស្រុកប្រាសាទសំបូរ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ឯកឧត្តមបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។ ជាក់ស្តែង ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានដឹកនាំនាវាកម្ពុជាឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យ ជាមួយនឹងការបើកដំណើរការប្រទេសជាតិ សង្គម និងសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តម​ ឃឹង នុភាព បន្តទៀតថា គោលនយោបាយជាអាទិភាពសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សជាមួយនឹងកិត្យានុភាព កិត្តិយស រដ្ឋឯករាជ្យ អធិបតេយ្យមួយនៅក្នុងតំបន់និងអន្តរជាតិ។

ក្នុងនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីរបស់សមាជិក សមាជិកា គណបក្សទាំងអស់ក្នុងអំឡុងពេលមុនបោះឆ្នោតពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលបានខិតខំប្រឹងប្រែងសហការសម្របសម្រួលសព្វបែបយ៉ាងធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

ឯកឧត្តម ឃឹង នុភាព បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ជួយទុក្ខធុរៈគ្នានៅតាមឃុំភូមិ ហើយត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានឱ្យបានទាន់ពេលវេលា ហើយក្រុមការងារត្រូវពិនិត្យលើរចនាសម្ព័ន្ធរបស់ឃុំឡើងវិញ ពិនិត្យលើបច្ចុប្បន្នភាពភូមិ ពិនិត្យលើរបាយការណ៍លើបញ្ហាប្រឈម និងកង្វះខាតដើម្បីរកដំណោះស្រាយ ចុះស្រង់ការធ្វើអត្តសញ្ញាណបណ្ណឡើងវិញ និងជួយផ្សព្វផ្សាយឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា និងធ្វើអំពើល្អជាគំរូល្អដល់ប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋជឿទុកចិត្ត ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រោយពីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំគោល រួចមក ឯកឧត្តម ឃឹង នុភាព និងក្រុមការងារបានបន្តចុះពិនិត្យស្ថានភាពផ្លូវដែលខូចខាតដោយទឹកជំនន់កាលពីកន្លងទៅ និងធ្វើការជួសជុលឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដែលស្ថិតនៅក្នុងឃុំឈូកផងដែរ៕