កម្ពុជា-ន័រវែស បន្តប្តេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី


រាជរដ្ឋាភិបាលកម្ពុជា និងន័រវែស បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្នុងក្របខ័ណ្ឌពហុភាគី។ នេះបើតាមការផ្សាយ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ការអះអាងជាថ្មី បានធ្វើឡើងដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពេលទទួលជួប លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រន័រវែស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង បន្ទាប់ពី លោកស្រី Astrid Emilie Helle បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលផ្តល់ប្រយោជន៍រួមផងដែរ។

សូមជម្រាបថា ទំនាក់ទំនងការទូតរវាងន័រវេស និងកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦៕