សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជា មានថាមពលស្អាតជាង៦២ភាគរយ ច្រើនជាងប្រទេសមួយចំនួនក្នុងតំបន់ ហើយកម្ពុជានឹងបន្តពង្រីកថាមពលការកកើតឡើងវិញ ៩០មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់


ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានថាមពលស្អាតជាង ៦២ភាគរយ ដែលមានចំនួនប្រហាក់ប្រហែល ឬមានចំនួនជាងប្រទេសខ្លះនៅក្នុងតំបន់ ហើយរដ្ឋាភិបាលនឹងបន្តពង្រីកនូវផ្ទាំងថាពមលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ដែលមានកម្លាំងថាមពល ៩០មេហ្គាវ៉ាត់។

ការគូសបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការសប្បាយរីករាយ ចំពោះផលិតផលអំពូលឆ្លាតវៃ (LED) ដែលផលិតនៅទឹកដីកម្ពុជា និងត្រូវបានចែកចាយទៅកាន់ទីផ្សារពិភពលោក ក្នុងនឹងដូចជាអំពូលវៃឆ្លាតក៏ត្រូវបានបំពាក់នៅក្នុងប្រទេសជប៉ុន ហើយក៏ត្រូវបានបំពាក់នៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទិននឹងថាមពលស្អាត យើងបានខិតខំធ្វើការពាក់ព័ន្ធនឹងបញ្ហាថាមពលស្អាត មកដល់នេះយើងមានរហូតមកដល់ពេលនេះ យើងមានរហូតដល់ជាង ៦២ភាគរយ នៃថាមពលស្អាត ដែលកើតចេញវារីអគ្គិសនី ពីពន្លឺព្រះអាទិត្យ ពីជីវម៉ាស់ អាចចាត់ទុកថាកម្ពុជា គឺជាប្រទេសមួយដែលមានប្រភពថាមពលកកើតឡើងវិញស្អាត ប្រហាក់ប្រហែល ឬក៏ច្រើនជាងប្រទេសខ្លះនៅក្នុងតំបន់ ក៏ប៉ុន្តែ ការវិនិយោគណាក៏ដោយត្រូវតែគិតអំពីផលប៉ះពាល់របស់វា យើងនឹងបន្តពង្រីកនូវផ្ទាំងការកកើតឡើងវិញ គឺថាមពលពន្លឺព្រះអាទិត្យ»

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ឱ្យបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត (LED) ដែលផលិតនៅកម្ពុជា ដែលផលិតដោយក្រុមហ៊ុនមីនេបៀ របស់ជប៉ុន សម្រាប់ដាក់បំភ្លឺតាមផ្លូវសាធារណៈ និងទីប្រជុំជន ដោយថាដើម្បីកាត់បន្ថយថ្លៃអគ្គិសនី និងរួមចំណែកដល់សេដ្ឋកិច្ចបៃតង។

ជុំវិញការណែនាំឱ្យអភិបាលរាជធានី-ខេត្តបញ្ជាទិញអំពូលឆ្លាតវៃ ដែលផលិតនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាផលចំណេញមួយសម្រាប់កម្ពុជា។ សម្តេចក៏បានលើជាឧទាហរណ៍ថា នៅលើដងផ្លូវមួយដ៏សែនវែងប្រសិនបើគ្មានរថយន្តធ្វើដំណើរឆ្លងកាត់នោះទេ អំពូលវៃឆ្លាតនេះនឹងកាត់បន្ថយពន្លឺ ដូច្នេះ វានឹងធ្វើឱ្យចំណេញថ្លៃអគ្គិសនីផងដែរ។

«តាមដឹងឯកឧត្តម កែវ រតនៈ រាយការណ៍ឱ្យខ្ញុំ នឹងនាំលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ ទៅខេត្តពោធិ៍សាត់ ដើម្បីបង្កើតរោងចក្រមួយដែលមានកម្លាំង ៩០មេហ្កាវ៉ាត់ ដែលប្រើដោយថាមពលពន្លឺព្រះអាទិត្យសុទ្ធសាធ»។ នេះជាការឱ្យបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ក្រុមវិនិយោគរបស់ជប៉ុន មុននឹងមកបណ្តាក់ទុននៅកម្ពុជា គឺពួកគាត់តែងតែសួរកត្តាចំនួន២ ទី១៖ តម្លៃអគ្គិសនី និងទី២ កម្លាំងពលកម្ម ជំនាញ។ ដូច្នេះ ហើយទើបរដ្ឋាភិបាលកម្ពុជា បានជំរុញការបណ្តុះបណ្តាលជំនាញ ធនធានមនុស្សឱ្យកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ភាពសុខដុមនៅក្រុមហ៊ុនមីនេបៀ ជាពិសោធន៍ល្អនៃការគ្រប់គ្រង តាមរយៈការបន្ថែមប្រាក់អត្ថប្រយោជន៍ដល់កម្មករ និយោជិក ដែលប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ទទួលបានប្រាក់ឧបត្ថម្ភ ៧ដុល្លារ ក្នុងមួយខែ ព្រមទាំងការលើកទឹកចិត្តចន្លោះ ៥ ទៅ១០ដុល្លារ ក្នុងមួយខែ និងផ្តល់អាហារ ៣ពេលដល់កម្មករ កម្មការិនី សម្រាប់ការទទួលទាននៅក្រុមហ៊ុនជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រុមហ៊ុន រោងចក្រនានានៅកម្ពុជា យកពិសោធន៍គ្រប់គ្រងពីក្រុមហ៊ុនមីនេបៀ របស់ជប៉ុន។ ជាមួយនឹងការផ្តល់អត្ថប្រយោជន៍ជាច្រើនៅពីក្រុមហ៊ុននេះដែរ សម្តេចក៏បានក្រើនរំឮកក្មួយៗកម្មករ កម្មការិនី បង្កើនការសិក្សារៀនសូត្រ បង្កើនសមត្ថភាព ដើម្បីមានជំនាញកាត់តែខ្ពស់ក្នុងការឆ្លើតតបនឹងតម្រូវការងាររបស់ក្រុមហ៊ុនដែលកាន់តែវិវត្តន៍ទៅមុខ៕