ល្ងាចនេះក្រសួងវប្បធម៌ រៀបចំប្រគំតន្ត្រីដ៏ធំ នៅសួនច្បារមុខវត្តបទុមវតី អបអរការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ


ដើម្បីចូលរួមអបអរសាទរ ការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរ ការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ចាប់ពីម៉ោង ១៨៖០០នាទីតទៅ នាទីធ្លាសួនច្បារមុខវត្តបទុមវតី។

មន្ត្រីក្រសួងវប្បធម៌បញ្ជាក់ថា កម្មវិធីនេះ នឹងធ្វើឡើងដោយមានការប្រគំតន្រ្តី និងមានការចូលរួមពីសិល្បករ សិល្បការិនី តន្រ្តីករ DJ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1 ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី Audrey Azoulay អគ្គនាយិកា អង្គការយូណេស្កូ ក៏បានអបអរសាទរកម្ពុជាក្នុងការចុះគុនល្បុក្កតោក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។

ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕