ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យមើលការរៀបចំតាំងលម្អភ្លើងបំភ្លឺនៅតាមដងផ្លូវក្នុងក្រុងឆ្ពោះទៅបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរ


នៅរាត្រីថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យការរៀបចំតាំងភ្លើងបំភ្លឺផ្លូវ និងភ្លើងនៅតាមដើមឈើតាមមហាវិថី និងថេរវិថីនានាក្នុងក្រុងព្រះសីហនុ បាប់ពីក្លោងទ្វាបុណ្យសមុទ្រផ្លូវចូលផែ ៥០២ អូរឈើទាល បន្តមកទីលានតេជោ (ពយតាម៉ូង) រង្វង់មូលរូបសំណាកព្រះស្កន់ កាត់តាមអូតែលសុខា មកតាមបណ្តោយឆ្នេរឯក រាជ្យមកខាងមុខសាលាខេត្តព្រះសីហនុ ឡើងមកផ្លូវវិមានឯករាជ្យ រួចបន្តពិនិត្យមើលភ្លើងលម្អនៅសួនច្បារវិមានឯករាជ និងពិនិត្យមើលកន្លែងកម្សាន្ត សួនកុមារ និងកន្លែងហាត់ប្រាណកូនសោរ ព្រមទាំងបានធ្វើការណែនាំក្រុមការងារដាក់ភ្លើងឱ្យកាន់តែភ្លឺ ដើម្បីឱ្យបងប្អូនប្រជាពល រដ្ឋ ក៏ដូចជាភ្ញៀវជាតិ ភ្ញៀវទេសចរបរទេស នាំកូនចៅមកលេងកម្សាន្ត ហាត់ប្រាណ ដើម្បីផាសុកភាពជួយកាត់បន្ថយ ពីការនឿយហត់បានថែមទៀតផង។​

បន្ទាប់មកឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក៏បានបន្តដំណើរពិនិត្យមើលភ្លើងបំភ្លឺផ្លូវនៅតាមដងផ្លូវសាធារណៈនានា ក្នុងក្រុងព្រះសីហនុ ក៏ដូចជាការតាំងលម្អភ្លើងនៅតាមមុខមន្ទីរ អង្គភាព ក្រុមហ៊ុន សណ្ឋាគារក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ការកែលម្អសោភណភាព បរិស្ថានត្រៀមឆ្ពោះទៅការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេ លើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដែលមានប្រតិភូមកពីក្លឹបឆ្នេរសមុទ្រចូលរួមចំនួន ១២៥នាក់ មកពីប្រទេសចំនួន២១ ដែលមានឆ្នេរសមុទ្រ ៣៤ឆ្នេរ នៅលើពិភពលោក មកកាន់ខេត្តព្រះសីហនុ ដែលត្រៀមចូលរួមបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ អ្វីដែលជាការស្អាត យើងត្រូវរួមគ្នាថែរក្សាទាំងអស់គ្នាបន្តទៀត ដើម្បីខេត្តទេសចរ ណ៍តំបន់ឆ្នេរនាទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា៕