រដ្ឋបាលខេត្តកណ្តាល ទទួលសម្ភារបរិក្ខារពេទ្យ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ


សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឧបត្ថម្ភសម្ភាររំថែទាំរបួសចំនួន១៥០កេស អាវពេទ្យ ៥ ០០០អាវ អាវការពាររោគ ២០ ០០០អាវ រទេះជនពិការ១០គ្រឿង ឈើច្រត់រៀនដើរ ២០សម្រាប់ រទះរៀនដើរ ១០សម្រាប់ កៅអីបន្ទោបង់ ១០សម្រាប់ និងគ្រែពិនិត្យរោគស្ត្រីចំនួន ៣សម្រាប់ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចែកជូនដល់មណ្ឌលសុខភាព នៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តកណ្តាល។

ថ្លែងក្នុងពិធីប្រគល់ និង ទទួលនាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ ដែលក្នុងរយៈពេលកន្លងទៅ តែងតែបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយមិនគិតកម្រៃ ហើយក្នុងថ្ងៃនេះ ខេត្តកណ្តាល ក៏មានកិត្តិយសបានទទួលសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា សម្ភារឧបករណ៍ទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជួយដល់អ្នកជំងឺ ហើយវាក៏បានជួយសម្រាលទៅដល់ការលំបាករបស់គ្រូពេទ្យ ក្នុងការមើលថែ និងព្យាបាលដល់អ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ ។ ការចូលរួមឧបត្ថម្ភរបស់ សមាគមនាឱកាសនេះ បានបង្ហាញពីសន្ដាន ចិត្តសប្បុរសធម៌ សាមគ្គីភាព ការគាំទ្រប្រកបដោយគុណធម៌ ក្នុងវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ៕