ស.ស.យ.ក. រៀបចំសិក្ខាសាលាបច្ចេកទេសលើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រោមប្រធានបទ « ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ (សារ) ព័ត៌មានលើសង្គមយុវជន»


រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ សិក្ខាសាលាបច្ចេកទេសលើការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រោមប្រធានបទ «ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ (សារ) ព័ត៌មានលើសង្គមយុវជន» បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ណ៌មាន និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលម៉ានី នៃអាគារ KAMPUS។

សិក្ខាសាលាបច្ចេកទេសនេះ មានការអញ្ជើញចូលរួមដោយ សមាជិក សមាជិកា ក្រុមការងារផ្សព្វផ្សាយស.ស.យ.ក. ទូទាំងប្រទេស សិស្សានុសិស្សជំនាញផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងសាធារណៈជន ជាភ្ញៀវកិត្តិយស សរុបប្រមាណ៤០០ នាក់។

ថ្លែងក្នុងបើកសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សិក្ខាសាលានេះ គឺជាការជួបជុំដ៏មានសារៈសំខាន់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់សមាជិក សមាជិកា ស.ស.យ.ក. និងរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលចូលរួមបណ្ដុះបណ្ដាលយុវជនក្នុងវិស័យផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ។

ឯកឧត្តមបានបញ្ជាក់ថា «អ្នកបង្កើតសារ និងបញ្ជូនសារមានតួនាទីយ៉ាងសំខាន់ ចំពោះការអប់រំផ្នត់គំនិតសង្គម និងការអភិវឌ្ឍប្រទេសជាតិទៅមុខ ដែរមិនត្រឹមតែវិភាគសង្គមនយោបាយដាច់ដោយឡែកនោះទេ តែក៏ត្រូវមានភាពប្រទាក់ក្រឡាជាមួយទិដ្ឋភាពសេដ្ឋកិច្ច ភូមិសាស្រ្ដនយោបាយ និងទិដ្ឋភាពជាច្រើនទៀត»

សិក្ខាសាលាបច្ចេកទេសនាពេលនេះដែរ មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដែលមានបទពិសោធន៍ជាក់លាក់លើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈពីស្ថាប័នរដ្ឋ ឯកជន និងវាគ្មិនដែលជាប្រធានផ្នែកទំនាក់ទំនងសាធារណៈក្នុងតំបន់មកពីក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook និង TikTok ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពង្រឹងសមត្ថភាព និងចែករំលែកចំណេះដឹងបច្ចេកទេសបន្ថែមជាពិសេសចំណេះដឹងក្នុងការបង្កើត និងបញ្ជូនសារលើបណ្ដាញសង្គម។

សមាសសភាពវាគ្មិនកិត្តិយស ៤រូប និងអ្នកសម្របសម្រួលរួមមាន៖ ទី១៖ ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន, ទី២៖ លោក លាង ដឺលុច ចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ, ទី៣៖ លោកបណ្ឌិត ហេង ភក្ដី ប្រធានផ្នែកគោលនយោបាយសាធារណៈក្រុមហ៊ុនមេតា, ទី៤៖ កញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោបាយសាធារណៈក្រុមហ៊ុន TikTok និងទី៥៖ សម្របសម្រួលដោយលោកស្រី នុត ក្លារ៉ា នាយកប្រតិបត្តិសេវាកម្មសារព័ត៌មានអប្សរា។

សូមជម្រាបជូនដែរថា សិក្ខាសាលាបច្ចេកទេសលើការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ត្រូវបានរៀបចំឡើង ក្នុងគោលដៅផ្តល់ជាវេទិកាដើម្បីពិភាក្សាស្វែងយល់ពីប្រធានបទ «ការបង្កើតសារ ការបញ្ជូនសារ និងឥទ្ធិពលនៃ (សារ) ព័ត៌មានលើសង្គមយុវជន» តាមរយៈបទបង្ហាញរបស់វាគ្មិនជំនាញដើម្បីផ្តល់ចំណេះដឹងជាធាតុចូលថ្មីៗក្នុងគោលដៅពង្រឹង និងពង្រីកបន្ថែមនូវសមត្ថភាពវិជ្ជាជីវៈរបស់សមាជិក សមាជិកា យុវជនជាសិស្សានុសិស្សផ្នែកសារព័ត៌មាន និងសាធារណជនដែលមានចំណាប់អារម្មណ៍លើវិស័យផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ៕