ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ជួបប្រជុំជាមួយមេដឹកនាំអាស៊ាន និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បាន អញ្ជើញចូលរួមអាហារការងាររវាងអាស៊ាន-សហភាពអឺរ៉ុប។

កិច្ចពិភាក្សាតុមូលដែលធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូនេះ ដើម្បីពិភាក្សា និង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាន និងសហភាពអឺរ៉ុប ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុងកិច្ចពិភាក្សានោះ ក៏មានការចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចតំបន់អាស៊ាន និងអឺរ៉ុប ឱ្យមានការរីកចម្រើន។

យោងតាមទិន្នន័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទំនិញទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០២១ សម្រេចបាន ៤.១៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣.២២ពាន់លានដុល្លារអាមេរិក និងការនាំចូលមានទំហំ ០.៩៥ពាន់លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងឆ្នាំ២០២០ មានការកើនឡើងចំនួន ៨.៤៣%៕