សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់វិទ្យាស្ថានយុទ្ធសាស្ដ្រសម្រាប់អាស៉ីប៉ាស៉ីហ្វិក ដែលទទួលស្គាល់ស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្ដេច ជាង៤ទស្សវត្សរ៍មកនេះ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការ នៃវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) របស់ប្រទេសឥណ្ឌូនេស៉ី ដែលបានទទួលស្គាល់នូវស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្ដេច ក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លងទៅនេះ។

ការថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដែលត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ មេដឹកនាំឆ្នើម នឹងត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងអារម្ភរំភើបរីករាយយ៉ាងក្រៃលែងក្នុងការទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការ នៃវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែលបានទទួលស្គាល់នូវស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងរយៈពេលជាង៤ទសវត្សរ៍កន្លងទៅនេះ»

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏សូមចូលរួមអបអរសាទរចំពោះ ការរៀបចំប្រកបដោយជោគជ័យនូវ កិច្ចប្រជុំកំពូលបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិនសកល កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពិតណាស់ ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការអនុវត្ត «គោលនយោបាយឈ្នះឈ្នះ» ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និងស្ថិរភាពនយោបាយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ, ការណ៍នេះបានក្លាយជាចលករ និងចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបានក្នុងអត្រា៧ភាគរយជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ និងកំពុងបោះជំហ៊ានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាចិត្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍កម្ពុជា និងថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ សម្ដេចសង្ឃឹមថា អ្នកបន្ដវេនជំនាន់ក្រោយ នឹងបន្ដស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្ដិភាព និងលើកស្ទួយការអភិវឌ្ឍជាតិ និងតំបន់ ដោយកសាងសមិទ្ធផលដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន៕