សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះវររាជមាតា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ បន្ទាប់ពីបានទទួលព្រះរាជសារលិខិតសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរ ជូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមគ្រួសារ ក្នុងឱកាសសម្តេចទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក(KSI) ស្ដីពី «ការបង្កើនទំនាក់ទំនង អាស៊ាន-ចិន»។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតសម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមាននេះ គឺជាកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាគ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សតពិសេសតជះសម្ភារឫទ្ធាបារមីនៃសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះករុណា អង្គព្រះមហាក្សត្រ ជាអម្ចាស់ជីវិតតម្កល់ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រលើកទឹកចិត្តជាអតិបរមាចំពោះកិច្ចខិតខំបំពេញបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ ប្រជាពលរដ្ឋរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមចំណែកសហប្រតិបត្តិការលើកកម្ពស់តម្លៃសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសកលលោក និងតំបន់ជារៀងដរាប។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមអង្គសម្តេចម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺៈអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕