រដ្ឋបាលខេត្តព្រះសីហនុទទួលយកសំណើនិងសំណូមពររបស់ពលរដ្ឋ ក្នុងវេទិការរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២២


វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ មានសំណើនិងសំណូមពរសរុបចំនួន៣០ ក្នុងនោះប្រជាពលរដ្ឋឡើងលើកជាសំណើនិងសំណូមពរចំនួន៩នាក់ និងសំបុត្រចំនួន២១ មតិភាគច្រើនលើកជាសំណូមពរក្នុងការកសាងពង្រីកផ្លូវ និងប្រព័ន្ធអូរ/ប្រឡាយ។

វេទិកាផ្សព្វផ្សាយធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក/សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ អាជីវករ ព្រមទាំងសមាជិក/សមាជិកាអង្គវេទិកាដែលបានចូលរួមនៅក្នុងបរិវេណសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានបកស្រាយពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលបានលើកជាសំណូមពរ និងសុំបើកពង្រីកផ្លូវសាធារណៈនៅតាមមូលដ្ឋាន ប្រព័ន្ធអូរ/ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរួមគ្នាធ្វើការដោះស្រាយនូវសំណូមពរ កង្វល់ និងការពិនិត្យសំបុត្រដែលបានដាក់ចូលក្រុមការងារវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់នាពេលនេះ។

ឯកឧត្តមអភិបាលបានបន្តថា កន្លងមករដ្ឋបាលក្រុង ខេត្តបានអភិវឌ្ឍពង្រីកផ្លូវថ្នល់ ទៅតាមនិយាមការលើកគម្រោងសកម្មភាពវិនិយោគរបស់ខេត្ត។ សម្រាប់ដំណើរការអភិវឌ្ឍឆ្នាំ២០២៣ និងផែនការគម្រោងវិនិយោគ៣ឆ្នាំរំកិល ដែលគណៈអភិបាលក្រុង ស្រុក ខេត្តបានអនុវត្តកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាកញ្ចប់ថវិកាចំណូលរបស់ខេត្តប្រើប្រាស់ក្នុងការបើកប្រាក់បៀវត្យជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងដំណើរការចរន្តការងាររបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍមូលដ្ឋាន មានដូចជាការងារសង្គម ការងារសុខាភិបាល និងកិច្ចគាំពារសង្គមជាដើម។

ដោយសារតែរយៈពេលពីរឆ្នាំកន្លងមក ក្រុមប្រឹក្សាខេត្តមិនបានរៀបចំវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់ ដោយសារតែវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២០-២០២១ ដោយសារតែកម្ពុជាមិនទាន់បើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញ ហើយថ្ងៃនេះយើងចាប់ផ្តើមបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឡើងវិញដោយសារតែកន្លងមកកញ្ចប់ថវិកា៩០ភាគរយ យកមកអភិវឌ្ឍក្នុងក្រុងព្រះសីហនុ និងគោលនយោបាយ (ស្លឹកត្នោតខ្ចប់ស្ករត្នោត) ធ្វើការអភិវឌ្ឍផ្លូវក្នុងក្រុងព្រះសីហនុជាង៨៤គីឡូម៉ែត្រ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប អាងប្រព្រឹត្តកម្មទឹកកខ្វក់ ការអភិវឌ្ឍលម្ហឆ្នេរសាធារណៈ បន្ទប់ទឹកសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ។ ម្យ៉ាងទៀតការបើកវេទិកាសាធារណៈនាពេលនេះ ដើម្បីចង់ឈ្វេងយល់អំពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋក្នុងក្រុង ស្រុក ដើម្បីប្រមូលធាតុចូលយកមកអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកែលម្អ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ហើយកែលម្អបំពេញបន្ថែមនូវចំណុចខ្វះខាតនៅពេលខាងមុខ។

យ៉ាងណាមិញ ដោយមានការស្នើសុំនៅវេទិកា អភិបាលខេត្តបានទទួលយកសំណើ និងសំណូមពររបស់អ្នកចូលរួម និងដោះស្រាយកង្វល់របស់មូលដ្ឋាន ដោយបានឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង សង្កាត់ មន្ត្រីជំនាញ និងប្រជាពលរដ្ឋចូលរួមសិក្សារួមគ្នាគ្រប់គ្រងសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីភាពស្អាតបញ្ចៀសនូវការបោះចោលសំរាមនៅតាមអូរ/ប្រឡាយបង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

ទន្ទឹមនោះ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យមានសំណង់អនាធិបតេយ្យកើតមាននៅលើដីសាធារណៈរបស់រដ្ឋនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនោះទេ ព្រោះវាធ្វើឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្រុង ខេត្តព្រះសីហនុ ដែលមតិប្រតិភូអន្តរជាតិបានកោតសរសើរ និងវាយតម្លៃខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្នមានលម្ហឆ្នេរសាធារណៈ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ មានភ្លើងបំភ្លឺសាធារណៈជាដើម ក្នុងឱកាសដែលគណៈប្រតិភូអន្តរជាតិបានមកចូលរួមបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកលើក១៦ ឆ្នាំ២០២២ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ នៅលើទឹកដីខេត្តព្រះសីហនុ៕