អភិបាលខេត្តកំពង់ចាម ព្រមាន និងមិនលើកលែងជនទាំងឡាយណា ដែលពាក់ព័ន្ធអំពើជួញដូរមនុស្ស


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានព្រមាន និងមិនលើកលែងចំពោះជនទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងព្រមានដូច្នេះនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៦ ឆ្នាំ២០២២ នៅស្រុកស្ទឹងត្រង់។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា កាលពីមុន អំពើជួញដូរមនុស្ស ត្រូវបានជនល្មើសនាំយកទៅប្រព្រឹត្តនៅប្រទេសទី២ ឬប្រទេសទី៣ ប៉ុន្តែបច្ចុប្បន្ននេះ ពីសំណាក់ជនបរទេស បានយកប្រទេសកម្ពុជា យើងធ្វើជាកន្លែងប្រព្រឹត្ត បទល្មើសជួញដូរមនុស្សទៅវិញ តាមរយៈការងារ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា «អ្នកជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស មានដូចជា មេខ្យល់នេះ អ្នកនៅពីក្រោយនេះ និងអ្នកអន្តរាគមន៍ក្នុងរឿងនេះ គឺជាឧក្រិដ្ធជន» ដូច្នេះហើយទើបយើងជួបជុំគ្នាប្រារព្ធទិវាក្នុងថ្ងៃនេះ ដើម្បីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ គឺក្នុងគោលបំណងឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងអង្គការ ជាដៃគូនានា ដែលធ្វើកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស ធ្វើយ៉ាងណាឱ្យមានការចូលរួមដើម្បីលុបបំបាត់ឲ្យអស់នូវអំពើអសកម្មទាំងនេះ ត្រូវគប្បី ត្រូវតែយល់ដឹង អំពីទម្រង់ យល់អំពីរូបភាព និងសកម្មភាព នៃបទល្មើសនេះ ដើម្បីរកវិធានការដើម្បីការពារកុំឱ្យបទល្មើសនេះ កើតមានឡើង ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា វិធីការពារបទល្មើសករណីជួញដូរមនុស្សនេះ ត្រូវចាប់ផ្ដើមពីបុគ្គលម្នាក់ៗ ទៅគ្រួសារមួយ និងទៅសហគមន៍មួយ ពីសហគមន៍ទៅភូមិមួយ ពីភូមិទៅឃុំ ដល់ស្រុក និងខេត្ត។ ម្យ៉ាងទៀត បច្ចុប្បន្នរដ្ឋាភិបាល បានបង្កើតយន្តការស្វែងរកការងារនៅក្រៅប្រទេស ដោយមានក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងនីតិសម្បទា ក្នុងការទំនាក់ទំនងរកការងារឲ្យពលរដ្ឋធ្វើនៅក្រៅប្រទេសដោយស្របច្បាប់ និងត្រឡប់មកវិញទទួលបានប្រាក់ចំណូលយកមកផ្គត់ផ្គង់គ្រួសារ ដោយពិតប្រាកដ។ បើប្រជាពលរដ្ឋនៅតាមខេត្ត ត្រូវចូលទៅទំនាក់ទំនងជាមួយនឹងមន្ទីរការងារ និងសូមកុំទុកចិត្តមេខ្យល់។

ឯកឧត្តម អ៊ុន ចាន់ដា បានយកឱកាសនោះសូមអំពាវនាវដល់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ពិសេសកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន សូមចូលរួមឲ្យបានសកម្មថែមទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស តាមគ្រប់ទម្រង់ និងគ្រប់រូបភាព «ខ្ញុំនឹងមិនលើកលែងជាដាច់ខាត ចំពោះជនទាំងឡាយណា ដែលលូកដៃអន្តរាគមន៍ឲ្យមានការដោះលែងចំពោះជនល្មើស ក្នុងអំពើជួញដូរមនុស្ស»