មន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ចែកអំណោយពលរដ្ឋក្រីក្រជិត២០០គ្រួសារ


នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ខេត្តស្ទឹងត្រែង បានចែកអំណោយជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ចំនួន ១៩០គ្រួសារ ដែលមកពីភូមិ ចំនួន២ គឺ ភូមិវាលព្រីង និង ភូមិរិទ្ធីសែនជ័យ០២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីចែកអំណោយ បានធ្វើឡើងស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលស្រុក ព្រមទាំង លោក លោកស្រី ដែលជា ប្រធាន អនុប្រធានមន្ទីរ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនិតិសមទា និងថ្នាក់ដឹកនាំខេត្តផងដែរ ដែលក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១ ផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ឲ្យកាន់តែល្អថែមទៀត។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មានភូមិ ឃុំ សង្កាត់ ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ៕