គណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣


នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ គណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ច ប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តរបស់ខ្លួនឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជន នៅសាលប្រជុំមន្ទីរគណៈបក្សខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបនាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានធ្វើការថ្លែងអំណរគុណ ដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់របស់គណៈចលនាមហាជន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសចូលរួមក្នុងការបំពាក់បំប៉នស្មារតី និងការជំរុញចលនាមហាជនក្នុងការរួមចំណែកដល់ការទទួលបានជ័យជម្នះរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។
ឯកឧត្ដមបណ្ឌិត គូសបញ្ជាក់ថា គណៈចលនាមហាជន ជាសេនាធិការជូនគណៈកម្មាធិការកណ្តាលគណបក្ស ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការកសាង ប្រមូលកម្លាំងគាំទ្រគណបក្សក្នុងចំណោមមហាជនទូទៅ។
ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន។ម្យ៉ាងទៀត ឯកឧត្តម ប្រធានក្រុមការងារបានលើកឡើងថា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ជួយមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះ ស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការ បោះឆ្នោត និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានជោគជ័យបម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សា វាយតម្លៃ និងលើកទិសដៅការងារសម្រាប់គណៈចលនាមហាជនដើម្បីបន្តបេសកកម្មរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ជូនគណបក្ស ធានាប្រៀបឈ្នះរបស់គណបក្ស ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខនេះផងដែរ៕