សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំអំណោយមនុស្សធម៌ចែកជូនពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ជិត៤០០នាក់ មកពីស្រុកកៀនស្វាយ និងស្រុកល្វាឯម


នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តណ្ដាល បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ មកពីស្រុកកៀនស្វាយ និងស្រុកល្វាឯម ចំនួន៣៩១នាក់។

ពិធីនេះឡើងក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល និងមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកទាំង២ សប្បុរសជននានា ដែលប្រារព្ធធ្វើនៅសាលាជ័វរ័ន្មទី៧ ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ បន្តថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ និងការពារកុំឱ្យមានការឆ្លងទៅអ្នកដទៃបន្តទៀត។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ ចំនួន ៣៩១នាក់ ដោយក្នុង១នាកើទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ម៉ាស ១កញ្ចប់, អាវរងារ ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល៕