សម្តេចតេជោ ហ៊ុន សែន៖ ការចូលជាធរមានរបស់ RCEP គឺជាមោទនភាពមួយរបស់កម្ពុជា ក្រោមការផ្តួចផ្តើមដោយសម្តេចកាលពី១០ឆ្នាំមុន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលមានប្រទេស១៥ចូលរួម គឺជាមោទនភាពមួយរបស់កម្ពុជា ក្រោមការផ្តួចផ្តើមរបស់សម្តេច កាលពី១០ឆ្នាំមុន ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

សម្តេចបានលើកឡើងដូច្នេះថា៖ «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលមាន១៥ប្រទេសចូលរួម ក៏បានចូលជាធរមាននៅក្នុងឆ្នាំ២០២២ ហើយនេះក៏ជាមោទនភាពរបស់កម្ពុជាផងដែរ ដែលការប្រកាសការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ​ ត្រូវបានប្រកាសដោយខ្លួនខ្ញុំផ្ទាល់ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១២ ហើយវាក៏បានចូលជាធរមាននៅឆ្នាំ២០២២»

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវភាពរីករាយផងដែរ ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េខាងត្បូង។​

សូមជម្រាបថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ជាមួយគ្នានេះ ក៏បានបន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។

RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។

បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងតំបន់ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់ ២៤ ០៦៦លានដុល្លារ កើនឡើង១១ភាគរយ៕