ក្រសួងពាណិជ្ជកម្មកំណត់តម្លៃលក់ប្រេងសាំង


Gass 16 03 16 2 copy

     ក្រសួង​ពាណិជ្ជ​កម្ម​បាន​ចេញ​សេចក្តី​ជូន​ដំណឺង នូវ​​ការ​កំណត់​លក់​តម្លៃ​ប្រេង​សាំង ​និង​ម៉ាស៊ូត ​ដល់​បណ្តា​ក្រុម​ហ៊ុន​នានា​ ដើម្បី​ឱ្យ​តម្លា​ភាព​ជួន​អតិថិ​ជន​ ។

     គួរ​រំលឹក​ថា​ កន្លង​មក ការ​តម្លើង​តម្លៃ​ប្រេង​ឡើង-​ចុះ​ ដែល​លក់​តាម​បណ្តា​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ បាន​ធ្វើ​ឡើង​មិន​ស្រប​នឹង​ការ​ពិត​ នៃ​តម្លៃ​ឡើង-​ចុះ​របស់​ប្រេង​ឥន្ធនៈ​ លើ​ទី​ផ្សារ​ពិភព​លោក​នោះ​ឡើយ​ ដែល​កត្តា​នេះ ត្រូវ​គេ​ឃើញ​បាន​ជម្រុញ​ឱ្យ​​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ប្រញាប់​ចាត់​វិធាន​ការណ៍​ ។

     យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ ​ចុះ​ថ្ងៃ​ទី​១៤ ​មិនា​នេះ ការ​កំណត់​រូប​មន្ត​បាន​តម្រូវ​ឲ្យ​លក់​ដូច​ត​ទៅៈ តម្លៃ​ប្រេង​សាំង​ស៊ុប​ពែរ​ ចុះ​ថ្លៃ​ពី ​៣៦៥០​ ដល់​ ៣១៥០​រៀល​ ក្នុង ​១​លីត្រ​… តម្លៃ​ប្រេង​សាំង​ធម្មតា​ចុះ​ថ្លៃ​ពី​ ៣៣៥០ ​ដល់​ ៣០៥០​រៀល​ ក្នុង ​១​លីត្រ​… និង​ប្រេង​ម៉ាស៊ូត ចុះ​ថ្លៃ​ពី​ ៣១០០​ ដល់ ​២៧០០​រៀល ​ក្នុង ​១​លីត្រ​ ។

     ក្រសួង​ពាណិជ្ជ​កម្ម​បាន​ថ្លែង​ថា ចំណែក​ស្ថានីយ​ប្រេង​ឥន្ធន:​ ជា​ដេប៉ូ​ឯកជន​ផ្ទាល់​ខ្លួន​ ដែល​មាន​លទ្ធ​ភាព​លក់​រាយ​ប្រេង​សាំង ​និង​ប្រេង​ម៉ាស៊ូត​ ក្នុង​តម្លៃ​ថោក​ជាង​តម្លៃ​ដែល​បាន​កំណត់ ក្រសួង​សូម​ជំរុញ​ការ​លក់​ក្នុង​តម្លៃ​ថោក​នោះ​ជា​បន្ត​ទៀត ​។ នៅ​ជា​មួយ​គ្នា​នេះ​​ដែរ​ តាម​បណ្តា​ក្រុម​ហ៊ុន​លក់​ប្រេង​ឥន្ធនៈ ត្រូវ​គេ​កត់​សម្គាល់​ថា បាន​អនុវត្ត​តម្លៃ​តាម​ការ​កំណត់​របស់​ក្រសួង​ពាណិជ្ជ​កម្ម​នេះ​ផង​ដែរ​ ។

     ក្រសួង​ពាណិជ្ជ​កម្ម បាន​អោយ​ដឹង​ថា រៀង​រាល់​ដប់​ថ្ងៃ​ម្តង ក្រសួង​នឹង​ចេញ​សេចក្តី​ជូន​ដំណឹង​ ដែល​មាន​ការ​កំណត់​តម្លៃ​អតិបរមា​ជា​ថ្មី​ឡើង​វិញ​ ។

Gass 16 03 16 3 copy  Gass 16 03 16 4 copy