អភិបាលខេត្តកំពង់ចាម សម្ពោធបើកឲ្យដំណើរការជាផ្លូវការអគារ១ខ្នង មាន៣បន្ទប់ នៃសាលាបឋមសិក្សាកោះចំប៉ា ស្រុកជើងព្រៃ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ខណៈប្រទេសមានសុខសន្តិភាព និងកំពុងអភិវឌ្ឍន៍ អ្វីដែលគួរព្រួយបារម្ភនោះគឺភាពល្ងង់ខ្លៅ ពីព្រោះភាពល្ងង់ខ្លៅនេះហើយដែលធ្វើឲ្យយើងធ្លាក់ ទៅក្នុងភាពក្រីក្រ ប៉ុន្តែប្រសិនបើយើងមានសមត្ថភាព មានចំណេះដឹងគ្រប់គ្រាន់នោះ យើងអាចងើបរួចផុតពីភាពក្រីក្រ តាមរយៈការខិតខំប្រឹងប្រែងនិងភាពឧស្សាហ៍ព្យាយាមរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការនូវអគារ ១ខ្នង មាន៣បន្ទប់ នៃសាលាបឋមសិក្សាកោះចំប៉ា ស្ថិតក្នុងឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគិតគូរណាស់ ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសជាតិរបស់យើងមានការរីកចម្រើន ទន្ទឹមពេលដែលយើង កំពុងស្ថិតនៅក្រោមដំបូលសុខសន្តិភាព។

ដូច្នេះដើម្បីឲ្យមានការអភិវឌ្ឍ គឺគប្បីត្រូវតែមានផែនការច្បាស់លាស់ អំពីការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈវិស័យអប់រំ ដែលចាប់ផ្ដើមពីកម្រិតបឋមសិក្សានេះ រហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីឲ្យយុវជនរបស់យើង មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ អាចឈានទៅប្រកួតប្រជែងដណ្ដើមការងារ ពីជនបរទេស ឬក៏ចេញទៅធ្វើការនៅក្រៅប្រទេស ដើម្បីរកប្រាក់ចំណូលមកបង្កើនជីវភាពគ្រួសារឲ្យបានធូរធា និងមានលទ្ធភាពជួយដល់ សង្គមជាតិរបស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ ឱ្យពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងខិតខំដោះស្រាយ បញ្ហានានាដែលមាននៅក្នុងមូលដ្ឋាន ឃុំរបស់ខ្លួន នឹងត្រូវផ្លាស់ប្ដូរឥរិយាបថមន្ត្រីរបស់យើងនៅឃុំ ឲ្យសាកសមជាមន្ត្រីបម្រើសេវាជូនប្រជាពលរដ្ឋ៕