ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ៖ មហាគ្រួសារខ្មែរ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ប្រកាសគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ព្រមទាំងប្រកាសចូលរួមថែរក្សាការពារ សន្តិភាព ឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ


ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តមអនុប្រធាន ព្រមទាំងក្រុមការងារទាំងអស់ បានរៀបចំពិធីសំណេះសំណាល និងជួបជុំពិសារអាហារសាមគ្គីជាមួយ បងប្អូនខ្មែរយើង រស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលបានឆ្លៀតពេលមកលេងស្រុកកំណើតក្នុងឱកាសនៃពិធីបុណ្យណូអែល ២០២២ រួមទាំងនិស្សិតខ្មែរដែលកំពុងសិក្សា និងត្រៀមចេញទៅសិក្សានៅក្នុងប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាពិសេសទៀត ដើម្បីបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។ ពិធីនេះបានរៀបចំឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងមានភ្ញៀវបានអញ្ជើញចូលរួមជាងជា៦០០នាក់ នាថ្ងៃ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជួបជុំពិសារអាហារសាមគ្គីជាមួយ ប្រជាពលរដ្ខខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងនិស្សិតខ្មែរដែលកំពុងសិក្សា និងត្រៀមចេញទៅសិក្សានៅក្នុងប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមជាមួយក្រុមការងារយុវជននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់នាឱកាសដ៏ឧត្តុងឧត្តមនេះ ។
លើសពីនេះទៀត ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ក្រោមការដឹកនាំ ការចង្អុលបង្ហាញ និងការណែនាំដោយផ្ទាល់ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកអគ្គមគ្គទេសក៍ដ៏ឆ្នើម បានធ្វើឱ្យក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាហេតុធ្វើឱ្យក្រុមការយុវជននៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ សម្រេចបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួន ដើម្បីចូលរួមពង្រឹងសាមគ្គីជាតិខ្មែរ នៅលើទឹកដីអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ។ ជាមួយគ្នានេះ បងប្ទូនប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែរ ដែលកំពុងរស់នៅ កំពុងសិក្សា និងត្រៀមចេញទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានប្រកាសគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។ ព្រមទាំងប្រកាសចូលរួមថែរក្សាការពារ សន្តិភាព ឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនខ្មែរយើង ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងបងប្អូនរស់នៅក្រៅប្រទេសទាំងអស់ ដែលបានស្រុះស្រួលគ្នា ងើបឡើងគាំទ្រ គោរពស្រឡាញ់ សម្តេចតេជោ ដើម្បីចូលរួមពង្រឹងសាមគ្គីជាតិ ក្នុងក្របខ័ណ្ឌខ្មែរតែមួយ ហើយនេះ ក៏ជាលទ្ធផលដែលកើតចេញពីការចូលរួមរបស់ក្រុមការងារយុវជននៅតាមបណ្តាប្រទេសនានា ដែលបានលះបង់អស់ពីកម្លាំងកាយកម្លាំងចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកបង្រួបបង្រួម និងពង្រឹងសាមគ្គីជាតិក្នុងក្របខ័ណ្ឌខ្មែរតែមួយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ។