សម្ដេចក្រឡាហោម ស ខេង ចាត់ទុកការបណ្ដុះបណ្ដាល ការហ្វឹកហាត់របស់មន្ដ្រីនគរបាលជាតិ ជារឿងចាំបាច់មិនអាចខ្វះបាន ពិសេសការប្រើប្រាស់បច្ចេកវិទ្យា


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងដោយចាត់ទុកថា ការបណ្ដុះបណ្ដាល ការហ្វឹកហាត់មន្រ្តីនគរបាលជាតិ គឺជាការចាំបាច់ជាដាច់ខាត និងមិនអាចខ្វះបាន ដោយត្រូវធ្វើជាប់ជាប្រចាំ និងគ្មានទីបញ្ចប់។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ស្ថានការណ៍សង្គមកាន់តែមានការផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការប្រឈមមុខនឹងបទល្មើសថ្មីៗ ឬបទល្មើសចាស់ ប៉ុន្តែបានប្រើប្រាស់វិធីថ្មីៗ ចម្លែកៗ ដែលទាមទារឲ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវតែមានចំណេះដឹងទូលំទូលាយ ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាល និងមន្រ្តីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ។

សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានមកចូលរួមសិក្សាក្នុងវគ្គសុក្រឹត្យការ ដ៏មានសារៈសំខាន់នេះ តាមការចាត់តាំងរបស់ក្រសួងមហាផ្ទៃ ព្រមទាំងយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យបានល្អ រហូតទទួលបានជោគជ័យតាមកម្មវិធីសិក្សាដែលបានកំណត់។ សម្ដេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្ស។

សម្ដេចបានរំលឹកថា ទោះបីស្ថានភាពកូវីដ១៩ បានធ្វើឲ្យខកខានការបើកវគ្គបណ្ដុះបណ្ដាលខ្លះ ប៉ុន្តែពេលស្ថានភាពធូរស្រាលឡើងវិញ ការងារបណ្ដុះបណ្ដាលបានវិលត្រឡប់មកវិញ ដែលក្នុងនោះទាក់ទងទៅនឹងមន្រ្តីនគរបាលជាតិ ដែលបានផ្ទេរពីមន្រ្តីរាជការស៊ីវិល មកក្នុងជួរកងកម្លាំងនគរបាលជាតិ ប៉ុន្តែមិនបានសិក្សារៀនសូត្រ។ សម្ដេចបានសម្ដែងក្ដីរីករាយចំពោះកិច្ចដំណើរការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ទាំងនៅបណ្ឌិតសភានគរបាលកម្ពុជា និងនៅសាលានគរបាលជាតិភូមិភាគ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំពីការងារកំណែទម្រង់កងកម្លាំងនគរបាលជាតិ ដូចជាការជ្រើសរើសមន្រ្តីនគរបាលតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ការផ្ទេរមន្រ្តីនគរបាលប៉ុស្តិ៍ ការតម្រូវឲ្យធ្វើតេស្តរកសារធាតុញៀន មុននឹងអនុញ្ញាតឲ្យចូលប្រឡង ឬជ្រើសរើសការផ្អាក ផ្ទេរមន្រ្តីពីក្រសួងស្ថាប័នផ្សេង ចូលមកក្របខណ្ឌនគរបាលជាតិនៅក្រសួងមហាផ្ទៃ និងការធ្វើសវនកម្មជុំវិញការតម្លើងឋាន្តរស័ក្ដិមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនារ ព្រមទាំងការតម្លើងថ្នាក់មន្រ្តីរាជការស៊ីវិល។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនអង្គពិធីដំណើរការរៀបចំរចនាសម្ព័ន្ធផ្នែកនគរបាលជាតិនៅបណ្ដាប្រទេសមួយចំនួន ដូចជានៅប្រទេសវៀតណាម ប្រទេសចិន ប្រទេសថៃ ប្រទេសបារាំង និងប្រទេសទួកគី ដែលអាចមានស្ថានភាពខុសៗ អាស្រ័យទៅលើបរិបទ និងសវតានៃប្រទេសនីមួយៗ ប៉ុន្តែអ្វីដែលសម្ដេចកត់សម្គាល់នោះ គឺមានការអប់រំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលឲ្យមានវិជ្ជាជីវៈ និងធ្វើការងារប្រកបដោយវិជ្ជាជីវៈដូចៗគ្នា៕