អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ នៅស្រុកជីក្រែង និងស្រុកស្វាយលើ


(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៥ នៅស្រុកជីក្រែង និងស្រុកស្វាយលើ ក្រោមអធិបតីឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត វត្តមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពីស្រុកជីក្រែង និងស្រុកស្វាយលើចំនួន ៥៨០នាក់។

ក្នុងពិធីនោះដែរ ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត ទទួលសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋដែលជាបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ បង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដើម្បីឲ្យការផ្ដល់សេវាសាធារណៈនានា ជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្តម អ៊ាន ឃុន ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋអាចលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន តាមរយៈការលើកឡើងផ្ទាល់ និងជាសរសេរ ដើម្បីឲ្យក្រុមការងារប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការស្រាយបំភ្លឺ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរផ្ទាល់មាត់ចំនួន១១ និងជាលាយលក្ខអក្សរចំនួន១៩ សរុប ៣០សំណួរ-សំណូមពរ។ ក្នុងនោះដែរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធបានធ្វើការស្រាយ និងឆ្លើយតបជូនដល់ប្រជាពលរដ្ឋ ចំនួន១១ ហើយនៅសល់ ១៩សំណួរ-សំណូមពរ ដែលមិនទាន់បានបកស្រាយ ក្រុមការងារនឹងទទួលយកទៅពិនិត្យពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត នឹងធ្វើការឆ្លើយតបជាលាយលក្ខអក្សរជូនដល់ម្ចាស់សំណួរ សំណូមពរ តាមរយៈក្រុមប្រឹក្សាស្រុក ភូមិ-ឃុំ នាពេលឆាប់ៗខាងមុខនេះ។

វេទិកាសាធារណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ដល់ការអនុវត្តមុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះដែរ ការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល។ នេះជាការបញ្ជាក់របស់លោក អ៊ាន ឃុន ៕