ខ្នងផ្ទះថ្មីជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅ ឃុំស្វាយភ្លើង ស្រុកតាំងគោក


(កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីបានទៅប្រគល់ខ្នងផ្ទះទី២៣៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឯកឧត្តមឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី សារុំ អាយុ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៣នាក់ ត្រូវជាភរិយាលោកពលបាលទោ ស៊ឹម នាង ដែលបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ អង្គភាពយោធា ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបានពលីជីវិតនៅឆ្នាំ១៩៩០ នៅសមរភូមិឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងពេលដែលប្រយុទ្ធជាមួយខ្មាំង។

សព្វថ្ងៃគាត់ប្រកបមុខរបរធ្វើស្រែ ហើយគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះស្នាក់នៅឲ្យបានសមរ្យ។ ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាតទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ សម្រេចសាងសង់ផ្ទះជូនគាត់នៅពេលនេះ ជាខ្នងផ្ទះទី២៣៥ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដោយបានសាងសង់ខ្ពស់ផុតពីដីសសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធ និងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពនិងចូលរួមអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមាន សុវត្ថិភាព។

ព្រមជាមួយនេះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយព្រះសង្ឃ និងអាជ្ញាធរដែនដី បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតរួមមាន៖

អង្ករចំនួន ១០០គីឡូក្រាម មីចំនួន៣កេស ទឹកត្រី ចំនួន ១យួរ ត្រីខ ចំនួន០១យួរ និងសម្ភារសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួន ដោយឡែកប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីប្រគល់ផ្ទះថ្មីនេះចំនួន៦៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន២០.០០០រៀលផងដែរ។

លោកស្រី សា រុំ គ្រួសារអតីតយុទ្ធជនពលី និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕