ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីពង្រឹងសមត្ថភាពកីឡាករទោចក្រយាន ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០២៣


(សៀមរាប)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានផ្តល់អនុសាសន៍ចំនួន ៥ចំណុច ដើម្បីជាការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីទោចក្រយានរបស់កម្ពុជា ទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើផ្ទះ។

អនុសាសន៍នេះត្រូវបានឯកឧត្តម ប៉ាន សូរស័ក្តិ ដាក់ចេញក្នុងពិធីប្រកាសបិទបញ្ចប់ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

អនុសាសន៍គន្លឹះទាំង៥នោះរួមមាន៖
១៖ ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តាក្លិប-សមាគម កីឡាទោចក្រយាន រាជធានី-ខេត្ត ក្រសួង-ស្ថាប័នឱ្យបានកាន់តែទូលំទូលាយ និងមានធនធានមនុស្ស-សម្ភារៈហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ និងត្រូវជំរុញបង្កើនការចូលរួមប្រកួតពីថ្នាក់ភូមិភាគ និងថ្នាក់ជាតិឱ្យបានច្រើន ព្រោះកីឡាទោចក្រយានទាំង ០២ប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ដាក់បញ្ជូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ។

២៖ ត្រូវពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួតឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត គ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។

៣៖ ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ។

៤៖ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំងប្រទេស

៥៖ ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន៕