សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់អនុសាសន៍៧ចំណុច ដើម្បបន្តលើកកម្ពស់ស្មារតីថែរក្សាសន្តិភាព និងរំឭកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលតាមរយៈនយោបាយឈ្នះឈ្នះ


(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានដាក់ចេញនូវគោលការណ៍ និងអនុសាសន៍៧ចំណុបន្ថែមទៀត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការបន្តលើកកម្ពស់ស្មារតីថែរក្សាសន្តិភាព និងដើម្បីរំឭកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ។

គោលការណ៍ និងអនុសាសន៍សំខាន់ៗទាំងនោះ រួមមាន៖

១៖ បន្តលើកកម្ពស់ស្មារតីថែរក្សាសន្តិភាព តាមរយៈការរៀបចំពិធីជួបជុំនៅថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំដូចថ្ងៃនេះ ដើម្បីរំឭកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ និងការកសាងវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ។ ធ្វើការផ្សព្វផ្សាយរំឭកពីនយោបាយឈ្នះឈ្នះ តាមរយៈការបោះពុម្ពផលិត ឯកសារ និងរូបភាពផ្សេងៗ និងបង្កើនការអប់រំ សិស្ស និស្សិត យុវជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រប់ស្រទាប់ប្រជាជនផ្សេងៗទៀតឱ្យយល់ច្បាស់ពីគុណតម្លៃសន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិ។

២៖ បន្តសិក្សាស្រាវជ្រាវ និងរៀបចំចងក្រងរាល់ឯកសារខ្លឹមសារសំខាន់ៗទាក់ទងនយោបាយឈ្នះឈ្នះ និងការដឹកនាំរបស់សម្តេចតេជោ ធ្វើការផ្សព្វផ្សាយបញ្ជ្រាបឱ្យក្លាយទៅជាទស្សនៈសម្រាប់កម្ពុជា។ ទន្ទឹមនេះសម្តេចបានប្រកាសសារជាថ្មីថា កិច្ចការសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ នៅតែបន្តធ្វើដោយមិនមានការឈប់ផ្អាកនោះឡើយ ពីព្រោះយើងនៅតែរកឃើញនូវខ្លឹមសារថ្មីៗ តឹកតាងថ្មីៗជាហូរហែបន្តបន្ទាប់ទៀត។ ត្រូវរៀបចំនិងកែសម្រួលឱ្យកាន់តែមានអត្ថន័យ និងខ្លឹមសារស៊ីជម្រៅនូវសារមន្ទីរមគ្គុទ្ទេសក៍សន្តិភាពតេជោសែន និងសូមទទួលយកនូវតឹកតាង ឬសម្ភារៈជាប្រវត្តិសាស្ត្រ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី អាចនឹងផ្ដល់មកគ្រប់ពេលវេលា។

៣៖ ជំរុញការសាងសង់ស្ថូបឈ្នះ ឈ្នះ នៅកោះកុង «ទិសយោធភូមិភាគទី៣» ឱ្យបានរួចរាល់នៅបំណាច់ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងបន្តជំរុញសាងសង់ស្តូបឈ្នះឈ្នះនៅអន្លង់វែង «ទិសយោធភូមិភាគទី៤» និងបៃលិន «ទិសយោធភូមិភាគទី៥» ដោយផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រជាក់ស្ដែង តាមផែនការដែលបានគ្រោងទុក ចំពោះក្រសួងស្ថាប័ន និងអាជ្ញាធរ ដែលមានបំណង សាងសង់ស្តុបឈ្នះ ឈ្នះ។ សម្តេចយល់ថាសួនប្រវត្តិកាលដែលមានទម្រង់ ខ្នាត និងអត្ថន័យនៅទីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នាពេលខាងមុខ នឹងអាចក្លាយទៅជាគម្រូសម្រាប់យកទៅកសាងបាន ក្លាយទៅជាការពង្រាយ និងបញ្ជ្រាបនូវខ្លឹមសារនយោបាយឈ្នះ ឈ្នះនិងមគ្គុទ្ទេសក៍ដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគ្រប់ទីកន្លែង។

៤៖ រៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគោលនយោបាយឈ្នះ ឈ្នះ ដើម្បីបង្ហាញពីដំណើរការអនុវត្តនិងតឹកតាង អំណះអំណាង រួមទាំងសមិទ្ធផលនយោបាយឈ្នះ ឈ្នះ ឱ្យបានឯកភាពគ្នាតែមួយ និងប្រុងប្រៀបរៀបចំខួប២៥ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃវិមានឈ្នះ ឈ្នះ នាឆ្នាំ២០២៣។ សម្តេចនៅតែអះអាងថា នៅទីនេះគ្រប់ទីកន្លែងទាំងអស់ ជាកន្លែងសាធារណៈដោយមិនយកថ្លៃចូលទស្សនាសិក្សាស្រាវជ្រាវ និងមកបំពេញទស្សនកិច្ចសិក្សា។

៥៖ បន្តជំរុញកិច្ចដំណើរការសាងសង់អគាររដ្ឋបាល និងព័ត៌មាន ឱ្យក្លាយជាទីកន្លែងផ្ដល់ព័ត៌មានសេវាកម្ម និងប្រតិបត្តិការពាក់ព័ន្ធនឹងវិមានឈ្នះ ឈ្នះ ជាមួយស្ថាប័នពាក់ព័ន្ធ និងសាធារណជន។ ដំណើរការសាងសង់អគារអង្គភាពសនាតេជោ ឱ្យក្លាយជាសំណង់មួយផ្នែកសម្រាប់បម្រើដល់ការបំពេញការងាររបស់នាយទាហាន នាយទាហានរង នៃក្រុមការងារវិមានឈ្នះ ឈ្នះ រួមមាន ការស្នាក់នៅការសិក្សា កន្លែងទុក សម្ភារៈការិយាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ បម្រើដល់ប្រសិទ្ធភាពការងារនៅវិមានឈ្នះ ឈ្នះ។

៦៖ ដំណើរការរៀបចំតំបន់ខាងកើតនៃវិមានឈ្នះ ឈ្នះ ទៅជាតំបន់មួយដែលមានទិសដៅបង្កើតជាសួនបៃតង និងស្រះធម្មជាតិ សម្រាប់បង្កើនសោភ័ណ្ឌភាពនៅទីតាំងវិមានឈ្នះ ឈ្នះ និងរក្សាបានការផ្សារភ្ជាប់ស្ថាបត្យកម្ម និងធម្មជាតិបៃតង សម្រាប់តំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ។ ដំណើរការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានានាឱ្យបានសកម្ម និងមមាញឹក តាមការកំណត់ចំនួន៥៥ទីតាំង ដែលក្រុមការងារកំពុងបន្តរៀបចំអនុក្រឹត្យតាមនិតិវិធីជាមួយស្ថាប័នពាក់ព័ន្ធ។

៧៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមចំណែករៀបចំកិច្ចការទាំងនេះឱ្យក្លាយជាបេតិកភណ្ឌជាតិ និងតំបន់អន្តរជាតិ តាមលក្ខណៈវិនិច្ឆ័យ។ ក្រសួងអប់រំ យុវជន និងកីឡា ជួយរៀបចំខ្លឹមសារទាំងឡាយដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំគ្រប់លំដាប់ និងធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាល និងជំរុញនូវគោលការណ៍តំបន់ប្រវត្តិសាស្ត្រយោធាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត អង្គភាពសេនាតេជោ សហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិCAMSOC រៀបចំតុបតែង លម្អទីតាំងវិមានឈ្នះ ឈ្នះ សម្រាប់ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូកីឡាអន្តរជាតិអញ្ជើញមកចូលរួមព្រឹត្តិការណ៍SEA Games-ASEAN Para Games 2023 ៕