សម្ដេចតេជោ ហ៊ុន សែន៖ ការសាងសង់ផ្លូវឆ្ពោះទៅខេត្តកំពត ដោយសារខេត្តនេះពិសេសខុសគេ៤យ៉ាង


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់លើហេតុផលសំខាន់ៗដែលជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចសាងសង់ផ្លូវឆ្ពោះទៅខេត្តកំពត ដោយសារខេត្តនេះមានលក្ខណពិសេសសុខគេ៤យ៉ាង រួមមាន ជាទីតាំងឧស្សាហកម្មធន់ធ្ងន់ផ្គត់ផ្គង់សម្ភារសំណង់ ជាតំបន់ផ្គត់ផ្គង់ថាមពលអគ្គិសនី ជាទីតាំងនាំចេញអំបិល និងជាតំបន់ទាក់ទាញទេសចរ ដែលចាំបាច់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូន។

ការលើកឡើងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវ២ខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការវិនិយោគមកកាន់ខេត្តកំពតនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដោយសារខេត្តនេះមានលក្ខណពិសេសជាងគេត្រង់ថា…»

សម្ដេចតេជោបានបន្តថា ខេត្តកំពតពិសេសជាងគេត្រង់ថា អំបិលដែលអាចផ្គត់ផ្គង់ទៅកន្លែងផ្សេង គឺដឹកចេញពីទីនេះ។

សម្ដេចតេជោបានបន្តទៀតថា ក្រៅពីនេះ ខេត្តកំពតគឺមានឧស្សាហកម្មធន់ធ្ងន់ នោះគឺឧស្សាហកម្មសម្ភារសំណង់ ក្នុងនោះមានរោងចក្រធំៗ៤នៅក្នុងខេត្តកំពត ដែលផលិតស៉ីម៉ង់តិ៍ប្រមាណ៧លានតោន ដែលត្រូវដឹកចេញពីខេត្តនេះ ដូច្នេះផ្លូវត្រូវតែមានភាពធន់ដើម្បីបម្រើឱ្យការលូតលាស់ក្នុងប្រទេស។ កម្ពុជាបច្ចុប្បន្នផលិតស៉ីម៉ង់តិ៍ខ្លួនឯងក្នុងប្រទេស ក្រៅពីខេត្តកំពត មាននៅខេត្តបាត់ដំបងដែលមានប្រមាណជា៩លានតោន ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់នោះទេ យើងប្រើជាង១០លានតោន ដែលនៅមានការនាំចូលបន្ថែមនៅឡើយ ដូច្នេះត្រូវមានការពង្រីក។ យោងតាមការព្យាករណ៍ គឺនៅមានការប្រើប្រាស់ស៉ីម៉ង់តិ៍នេះតទៅទៀត ស៉ីម៉ង់តិ៍មិនត្រឹមតែប្រើប្រាស់ក្នុងការកសាងផ្ទះសម្បែង អគារប៉ុណ្ណោះទេ តែក៏មានការប្រើប្រាស់ក្នុងការកសាងផ្លូវ លូ និងសំណង់ផ្សេងទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ស៊ីម៉ង់តិ៍នៅកម្ពុជាមានតម្រូវការខ្ពស់ ដែលទាមទារឱ្យមានការវិនិយោគផលិតបន្ថែម»

លើសពីនេះទៅទៀត ក្នុងខេត្តកំពតនេះក៏មានវារីអគ្គិសនីដែលអាចផលិតថាមពលប្រមាណ១៩៣គីឡូមេហ្កាវ៉ាត់ ដែលផ្គត់ផ្គង់អគ្គិសនីចូលទៅកាន់ទីក្រុងភ្នំពេញ និងកន្លែងដទៃទៀត។

សម្ដេចតេជោបានបន្ថែមទៀតថា ខេត្តកំពត និងខេត្តកែបក៏ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលជាខេត្តមួយជាប់មាត់សមុទ្រ តារារះនាទិសនិរតី ដែលយើងត្រូវធ្វើឱ្យមានការរីកចម្រើន ជាមួយនឹងខ្សែចង្វាក់នៃការជំរុញកំណើនសេដ្ឋកិច្ច ដែលជាផ្នែកមួយនៅក្នុងការលូតលាស់ក្នុងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ប្រសិនបើគ្មានផ្លូវធ្វើដំណើរទេ ប្រទេសជាតិមិនអាចសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងបន្ថយការលំបាករបស់ប្រជាជន បន្ថយការចំណាយរបស់ប្រជាជន នោះហើយជាផលចំណេញរបសស់ប្រជាជន ដែលយើងត្រូវតែប្រឹងប្រែងបន្តទៀត។

គួរជម្រាបថា ផ្លូវ២ខ្សែដែលបើកការដ្ឋានស្ដារនិងលើកកម្ពស់គុណភាពនេះ រួមមាន ១ខ្សែគឺផ្លូវជាតិលេខ៣១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ត្រង់តំបន់បែកគុស (ស្រុកតាំកក់ ខេត្តតាកែវ) ឆ្ពោះទៅកាន់ស្រុកកំពង់ត្រាច ខេត្តកំពត (តភ្ជាប់ជាមួយផ្លូវជាតិលេខ៣៣) និង១ខ្សែទៀតគឺផ្លូវជាតិលេខ៣៣ ដែលតភ្ជាប់រវាងខេត្តកំពតទៅកាន់ខេត្តកែប៕