សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងមិនមែនជាដៃគូគណបក្សប្រជាជន ហើយក៏គ្មានឱកាសដឹកនាំរាជរដ្ឋាភិបាលនោះដែរ អាចរង់ចាំដល់ជាតិក្រោយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដឹកនាំប្រទេសជាតិឲ្យមានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនោះ បានថ្លែងបែបចំអកទៅឲ្យក្រុមប្រឆាំងថា ពួកគេមិនមែនជាដៃគូរបស់គណបក្សប្រជាជនកម្ពុជានោះទេ ហើយកុំសង្ឃឹមថាអាចដឹកនាំរាជរដ្ឋាភិបាល អាចត្រូវរង់ចាំដល់ជាតិក្រោយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សន្តិភាព និងការអភិវឌ្ឍផ្តល់លទ្ធភាពឲ្យយើងទាំងអស់គ្នា មិនមែនសមិទ្ធផលដាច់ដោយឡែក របស់គណបក្សប្រជាជនទេ ជាពិសេសយើងគ្រប់គ្រងប្រទេស ឲ្យមានសន្តិភាព និងស្ថិរភាពនយោបាយ អ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ គឺអ្នកដែលកំពុងបង្ហាញមុខ ជាមួយការរួមសុខរួមទុក្ខជាមួយប្រជាជន អស់រយៈពេល៤៤ឆ្នាំរួចមកហើយ មិនទាន់មានគណបក្សណា ដែលអាចជំនួសគណបក្សប្រជាជនបានទេ ពិតហើយមានអ្នកខ្លះ [ក្រុមប្រឆាំង] និយាយថា ហ៊ុន សែន ជាប់ហើយ ដូរ។ ពាក្យ ហ៊ុន សែន ចប់ហើយដូរនេះលឺ៥ឆ្នាំហើយ ច្បាស់ ហ៊ុន សែន ចប់ហើយដូរ គឺចប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ នោះគឺដូរពីឆ្នាំ២០២២ មកឆ្នាំ២០២៣ ហើយវានឹងដូរពីនីតិកាលទី៦ ទៅនីតិកាលទី៧ ពួកអ្នកមិនទាន់ជាដៃគូរបស់ ហ៊ុន សែន ហើយក៏មិនទាន់ជាដៃគូ របស់គណបក្សប្រជាជននៅឡើយទេ ពួកអ្នកត្រូវចាំ ហើយអាចរង់ចាំដល់ជាតិក្រោយទៀតផង នេះខ្ញុំផ្តាំទៅអ្នកឯង»

សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតថា សន្តិភាព គឺជារឿងសំខាន់ មានសន្តិភាពទើបអាចមានការសប្បាយរីករាយ ដូចពេលឆ្លងឆ្នាំចូលឆ្នាំថ្មីកន្លងទៅនេះ ដូច្នេះហើយការងារសំខាន់ ត្រូវការពារសន្តិភាពឲ្យបានខាងតែបាន ដោយមិនត្រូវមើលស្រាលនោះទេ ព្រោះអ្នកដែលចង់ឆក់ប្លន់ និងបំផ្លាញសន្តិភាពនៅមាននៅឡើយ។ រាជរដ្ឋាភិបាលនឹងមិនទុកឲ្យពួកក្រុមអ្នកឆក់ប្លន់សន្តិភាព ធ្វើអ្វីស្រេចតែចិត្តនោះឡើយ វិធានការទាំងអស់ ត្រូវបានប្រកាន់យក ទោះតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឲ្យបាន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តក្រចេះនិយាយដោយឡែក និងនិយាយរួម ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះភ្លូកទឹកភ្លូកដី កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ សម្តេចសង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាជននឹងបន្តបោះឆ្នោត ជូនគណបក្សប្រជាជនជាបន្តទៀត ដើម្បីបន្តថែរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕