ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែង សរុបចំនួន៣០៣នាក់ ស្ថិតនៅសាលាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់លោក សុខ សំណាង តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ និងលោក ជា សុវណ្ណ អ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌ និងជាជំនួយការ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងវែងផងដែរ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង និងលោកជំទាវ ជូនចំពោះក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម ម៉ម ប៊ុននាង បានបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដោយធានាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម។

ក្រោមពន្លឺសន្តិភាព ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជំនានក្រោយ។

ឯកឧត្តម ម៉ម ប៊ុននាង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ ដោះស្រាយកង្វល់ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។

ចំណែកបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំអប់រំកូន ចៅ ក្មួយៗទាំងអស់កុំឱ្យប្រើប្រាស់គ្រឿងញៀន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលនាំឱ្យមានការបំផ្លាញខ្លួនឯង និងនាំមកនូវភាពមហន្តរាយដល់សង្គមជាតិ។ ទន្ទឹមនឹងនេះ ត្រូវបន្តរួមសាមគ្គីភាព ចូលរួមថែរក្សាសុខសុវត្ថិភាព សន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងភូមិ ឃុំរបស់យើង ឱ្យកាន់តែរីកចម្រើនស្រស់បំព្រងឡើងថែមទៀត។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមពាក្យភូតភរ ញុះញង់របស់ជនអគតិមួយចំនួន ដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។ សូមបងប្អូនជឿទុកចិត្តលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គរាប់សែនជំពូក ហើយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកស្រី ចែកជូនដល់អាជ្ញាធរឃុំ និងបងប្អូនប្រជាពលរដ្ឋទាំង៣០៣នាក់ ដោយអំណោយទាំងនោះរួមមាន៖ អាវកីឡាចំនួន១៧កេស ស្មើ៤០៨អាវ ខោកីឡា១១កេស ស្មើ៣០៨ខោ សេរ៉ូមលាបមុខ១៨កេស ស្មើ១០៨ប្រអប់ ម៉ាស់បិទមុខ១៤កេស ស្មើ៤៤៨ប្រអប់ ម្សៅទ្រនាប់លាបមុខ៤កេស ស្មើ១៧៦ប្រអប់ និងសារុងចំនួន១៤៥ សរុបជាទឹកប្រាក់ចំនួន ៨,០០០$(ប្រាំបីពាន់ដុល្លារអាមេរិក)។ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាបន្ថែមដល់សមាជិកនៃអង្គពិធី ក្នុងម្នាក់ៗ ២ម៉ឺនរៀល ចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋក្នុងឃុំចំនួន០៧គ្រួសារ ក្នុងមួយគ្រួសារថវិកា២០ម៉ឺនរៀល ដោយចំណាយអស់ថវិកាចំនួន ៨,៥៨៥,០០០រៀល (ប្រាំបីលាន ហាស៊ិបប្រាំបីម៉ឺន ប្រាំពាន់រៀល)។

សូមបញ្ជាក់ថា អំណោយរបស់ សម្តេចប្រធានព្រឹទ្ធសភា និងលោកស្រី ដែលចែកជូនដល់ប្រជាពលរដ្ឋនាឱកាសនោះ គឺមានការរួមចំណែកដ៏ធំធេងពីសំណាក់អង្គការចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។

អង្គការចែករំលែកជួយសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក៕