សម្តេចតេជោ ហ៊ុន សែន៖ ពេញមួយជីវិតនេះ ដៃម្ខាងរកសន្តិភាព និងម្ខាងទៀតប្រឹងអភិវឌ្ឍប្រទេស ដើម្បីប្រជាពលរដ្ឋ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានលើកឡើងថា ពេញមួយជីវិតរបស់សម្ដេចនេះ គឺដៃម្ខាងខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ស្វែងរកសុខ សន្ដិភាព និងដៃម្ខាងទៀត គឺប្រឹងកសាង ស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រទេស ដើម្បីតែប្រជាជនកម្ពុជា។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពេញមួយជីវិតរបស់ខ្ញុំនេះ គឺខ្ញុំខិតខំធ្វើយ៉ាងមិច ម្ខាងដោះស្រាយបញ្ហាសន្ដិភាព រកសន្ដិភាពជូនជាតិ ហើយត្រូវរក្សាសន្ដិភាពនេះ តែម្ខាងទៀត ខិតខំការអភិវឌ្ឍដែលការអភិវឌ្ឍនោះ គឺអាទិភាព៤យ៉ាង ដែលត្រូវដោះស្រាយសម្រាប់ប្រជាពលរដ្ឋរបស់យើង គឺទឹក ផ្លូវ ភ្លើង មនុស្ស។ ឥលូវយើងបន្ដគម្រោងនេះទៀត ដោយយកមនុស្សជាសំខាន់ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលអាទិភាពបន្ដទៀត»

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដប្រកាសជាថ្មីថា សន្ដិភាពដែលសម្ដេចយកជីវិតធ្វើដើមទុននេះ គឺដាច់ខាតត្រូវតែរក្សា និងការពារឲ្យខាងតែបាន មិនអាចឲ្យមានអ្នកណាមកបំផ្លាញបាននោះឡើយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី, សម្ដេចដឹងច្បាស់ថា នៅពេលនេះពួកជនអគិតដែលមានគំនិតចង់បំផ្លាញសុខ សន្ដិភាព មិនទាន់បោះបង់គំនិតរបស់ពួកគេឡើយ ប៉ុន្ដែសម្ដេចប្រកាសហើយថា ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំងឡាយ ដែលចង់បំផ្លាញសន្ដិភាពរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំរួមគ្នាការពារ និងថែរក្សាសន្ដិភាព ដែលកម្ពុជាកំពុងមាននេះទាំងអស់គ្នា។

ដោយឡែក សម្រាប់អភិវឌ្ឍន៍វិញ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយភ្ជាប់ពីកន្លែងមួយ ទៅកន្លែងមួយ សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ ដោយប្រែពីការឆ្លងទូក មកជិះលើស្ពាន ប្រែមានពីហានិភ័យ មកគ្មានហានិភ័យ។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។

ជាក់ស្ដែង នៅក្នុងខេត្តក្រចេះនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវក្នុងខេត្តក្រចេះប្រមាណ ៤ខ្សែទៀត នឹងត្រូវសិក្សា និងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣។ ផ្លូវនោះរួមមាន ផ្លូវលេខ៧៣ ភ្ជាប់ពីត្បូងឃ្មុំ មកក្រចេះ, ផ្លូវលេខ ៣៧៧ ភ្ជាប់ពីក្រចេះ ទៅស្រុកសំបូរ, ផ្លូវលេខ២៧៧ ពីសណ្តាន់ ទៅសង្គម, និងផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ៣០០ ដល់គីឡូម៉ែត្រលេខ៣១ រង្វង់មូលក្រចេះ៕