ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣, អភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានរបស់ជាតិ


នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយនឹងមន្ត្រីរាជការ ក្នុងខេត្តបានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ដោយសង្កេតឃើញសិស្សានុសិស្សគ្រប់កម្រិតបាននាំគ្នាចូលរៀនដោយទឹកមុខរីករាយ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានថ្លែងថា ស្នូរជួងបន្លឺឡើងជាសញ្ញាប្រាប់ដល់ សិស្សានុសិស្ស ទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ឱ្យបានជ្រាបថា ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេនសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលសិស្សានុសិស្ស ទាំងអស់បានខិតខំសិក្សារៀនសូត្រនៅសាលា នៅផ្ទះនិងការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់យ៉ាងពិតប្រាកដពេញ១ឆ្នាំកន្លងមក។

លោក ឈូ ប៊ុនរឿង បានបន្តថា នៅឆ្នាំ២០២១ ប្រទេសកម្ពុជា ក៏ដូចពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងខ្លាំងយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឱ្យបើកបវេសនកាលថ្មី ព្រោះថាការសិក្សារបស់សិស្សវាមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ត្រូវប្រកាន់គោលជំហរ និងមានជំនឿជឿជាក់លើខ្លួនឯង ត្រូវតស៊ូ ព្យាយាមអត់ធ្មត់ក្នុងការសិក្សា ដើម្បីឈានទៅសម្រេចបាននូវក្តីស្រមៃ និងក្តីបំណងប្រាថ្នានៅពេលអនាគតផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សិស្សានុសិស្ស ទាំងអស់ត្រូវលះបង់នូវពាក្យ៥យ៉ាងឱ្យបានខ្ចប់ខ្ជួន ដែលមិនគួរនិយាយ ១ពាក្យថា ពិបាកក្នុងការសិក្សា២ ពាក្យថាធ្វើមិនបានក្នុងការសិក្សា៣ កុំអស់សង្ឃឹមក្នុងការសិក្សា៤ ពាក្យថាខ្ជិលក្នុងការសិក្សារ ៥ពាក្យថាកុហក់ ម្តាយ ឪពុក ថាខ្លួនបានទៅរៀនហើយ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា លោកគ្រូ អ្នកគ្រូ ដើរតួជាឪពុកម្ដាយទីពីរ ជាអ្នកស្រាវជ្រាវ ជាអ្នកទីប្រឹក្សា និងជាអ្នកច្នៃប្រឌិតព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងខាងចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន ដើម្បីយកចំណេះដឹងថ្មីៗគ្រប់កោសល្យថ្មីមកបង្ហាត់បង្រៀនដល់សិក្សានុសិស្ស ឱ្យមានចំណេះដឹងទំលំទូលាយ និងអភិវឌ្ឍន៍ខ្លួនជាអ្នកបន្តវេនសម្រាប់អនាគតផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា សិស្សានុសិស្ស ត្រូវខិតខំពង្រឹងសកត្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ធទាំងសេវា រៀនឱ្យស័ក្កិសមសម្រាប់ការរៀនសូត្រឱ្យស្អាតស្អំឥរិយាបថល្អ និងគ្មានការញំញីផ្លូវចិត្តផ្លូវកាយឡើយ៕