សមាជិកព្រឹទ្ធសភា៖ ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលស្រុកកំពង់ស្វាយ បានថ្លែងថាការបណ្តុះបណ្តាលធនធានមនុស្សគឺជាកត្តាសំខាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងបើកបវេសនកាលនៅវិទ្យាល័យវិទ្យាល័យហ៊ុនសែនត្បែងក្នុងឆ្នាំសិក្សា២០២២-២០២៣ ស្ថិតនៅក្នុងភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០២ ខែមករា ឆ្នាំ២០០២៣។

លោកជំទាវពិតជាមានមោទនភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះការបើកទ្វារសាលារៀនឡើងវិញទាំងនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការអនុវត្តនយោបាយចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋពិសេសដល់បុគ្គលិកអប់រំព្រមទាំងសិស្សានុសិស្សទាំងអស់ដើម្បីឱ្យមានភាពសាំនៅក្នុងសហគមន៍។

លោកជំទាវបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ដែលតែងតែបានរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំអោយដំណើរការរីកចម្រើនគួរជាទីមោទនៈ ព្រមទាំងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនយោបាយចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ពិសេសដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកសាលារៀនឡើងវិញនៅពេលនេះ។

លោកជំទាវបន្តថាកត្តា៤យ៉ាងដែលជួយឲ្យវិស័យអប់រំនៅគ្រប់កម្រិតទទួលបានជោគជ័យ៖

ទី១៖ សាលារៀនត្រូវរៀបចំតាមស្តង់ដារគុណភាពអប់រំ ទាំងបរិយាកាសថ្នាក់រៀន អនាម័យសាលារៀន ព្រមទាំងលក្ខខណ្ឌនៃការផ្តល់ចំណេះដឹងប្រកបដោយគុណភាព។

ទី២៖ លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលសំខាន់ប្រើប្រាស់យុទ្ធវិធីសាស្រ្តគ្រប់ប្រភេទធ្វើឱ្យការផ្ទេរចំណេះដឹងទៅកាន់សិស្សបានល្អប្រសើរតាមសមត្ថភាពស្របតាមកម្មវិធីរបស់សាលារដ្ឋដែលក្រសួងគិតគូរអនុវត្ត។

ទី៣៖ កត្តាសិស្សខ្លួនឯង គឺត្រូវដឹងថាខ្លួនស្ថិតក្នុងវ័យសិក្សាមានតួនាទីសំខាន់ទទួលយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ខិតខំសិក្សារៀនសូត្រដោយមានភាពអំណត់តស៊ូ និងចេះកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់។

ទី៤៖ កត្តាមាតាបិតាត្រូវមានការលើកទឹកចិត្តដល់កូនៗ ជាពិសេសផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តការហូបចុក ការរាប់អានមិត្តនិងមានឥរិយាបថល្អជាគំរូសម្រាប់កូន និងបញ្ជូនកូនមករៀនឱ្យបានគ្រប់ៗគ្នាដើម្បីអនាគតល្អរបស់ពួកគេ។

លោកជំទាវបន្តថា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះសារលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអនុសាសន៍ណែនាំចំនួន១៣ចំណុចរួមមាន៖ ក្រសួងអប់រំត្រូវបន្តដឹកនាំនិងអនុវត្តឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធផលនូវទស្សនាទាន «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» ដោយត្រូវធានាផ្តល់សេវាអប់រំ ដែលមានភាពធន់រស់រវើក និងភាពឆ្លើយតប រួមទាំងការ បន្តអនុវត្ត និងគាំទ្រដល់ការអប់រំតាមបែបឌីជីថល ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោកជាដើម។

លោកជំទាវក៏បានក្រើនរំលឹកដល់សិស្សានុសិស្ស ត្រូវខិតខំស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងឪពុក ម្តាយ ជាពិសេសនៅពេលចេញពីផ្ទះហើយ កុំនាំគ្នាហួសសាលារៀន និងកុំនាំគ្នាគេចវេសពីសាលារៀន និងត្រូវ ជាសអោយឆ្ងាយពីគ្រឿងញៀន ដោយត្រូវចេះស្រឡាញ់សាមគ្គីគ្នាក្នុងការសិក្សា ចេះជួយបង្ហាត់បង្ហាញ់គ្នាទៅវិញ ទៅមក ខិតខំកសាងមិត្តល្អ និងខិតខំរៀនសូត្រឲ្យបានពូកែ។

សូមបញ្ជាក់ថា លោកជំទាវសមាជិកព្រឹទ្ធសភា ក៏បានឧបត្ថម្ភសម្ភារៈចំនួនមានក្រមា សម្ភារសិក្សា និងថវិកា ដើម្បីចែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ៕