អភិបាលខេត្តរតនគិរី បើកបវេសនកាលឆ្នាំសិក្សាថ្មី និងដាក់ឱ្យប្រើប្រាស់អគារសិក្សា អនុវិទ្យាល័យ ៥ខ្នង អំណោយអង្គការភ្លែនអន្តរជាតិកម្ពុជា


ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើដោយអភិបាលរងខេត្តព្រមទាំងប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី​ ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាសំណង់អគារសិក្សា អនុវិទ្យាល័យចំនួន ៥ខ្នង​ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានរៀបចំធ្វើឡើងនៅ ឃុំលុងឃុង​ ស្រុកបរកែវ​ ខេត្តរតនគិរី។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី បានឲ្យដឹងថា អនុវិទ្យាល័យចំនួន ៥កន្លែង មាន៥ខ្នង​ ស្មើ១៥បន្ទប់​ រួមទាំងបន្ទប់ទឹកបង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនី ស្ថិតនៅក្នុងឃុំលុងឃុងស្រុកបរកែវ, ឃុំញ៉ាង ស្រុកអណ្តូងមាស, ឃុំតាវែងក្រោម ស្រុកតាវែង និងឃុំកុកឡាក់ ឃុំកោះពាក្យ ស្រុកវើនសៃ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា​ ដែលចំណាយថវិកាអស់សរុបចំនួន​ ២៧៨,៣១០,៧៦ដុល្លារអាមេរិក។

ឯកឧត្តម ញ៉ែម សំអឿន​ បានលើកទឹកចិត្ត ប្អូនៗក្មួយៗខិតខំសិក្សារៀនសូត្រ រៀនអភិវឌ្ឍសម្រាប់ខ្លួនឯង និងរៀនដើម្បីគ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដាច់ខាតចាកចេញឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង​ គ្រួសារ និងសង្គមជាតិ។

ឯកឧត្តមបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ គ្រប់ឋានានុក្រមនៃមន្ទីរអប់រំ​ យុវជន និងកីឡា អាជ្ញាធរដែនដីនៃរដ្ឋបាលស្រុកទាំង៥ គណៈកម្មការសាងសង់សាលារៀន ដែលខិតខំសម្របសម្រួលជាមួយដៃគូរដើម្បីធ្វើឱ្យសម្មិទ្ធផលសំណង់អគារសិក្សា ហេដ្ឋារចនាសម្ព័ន្ធអប់រំ នេះលេចរូបរាងឡើង។

​ឯកឧត្តមបានអំពាវនាវឱ្យសហគមន៍ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយថែរក្សា សំណង់អគារសិក្សានេះឱ្យនៅរឹងមាំ និងស្រស់ស្អាត ជាពិសេសលោកគ្រូ​ អ្នកគ្រូ​ សូមបង្ហាត់បង្រៀនសិស្សានុសិស្ស​ ដោយយកចិត្តទុកដាក់ទៅតាមជំនាញបច្ចេកទេស វិធីសាស្ត្រដែលទទួលបានពីការបណ្តុះបណ្តាលពីសាលាគរុគោសល្យ និងត្រូវគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីចូលរួមចំណែកទាំងអស់គ្នាគាំទ្រ និងអនុវត្ត នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅធំៗរបស់ជាតិ ដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍជាតិ​ និងគោរពនូវគោលការណ៍អភិបាលកិច្ចល្អ ដែលរួមមាន ការចូលរួម, នីតិរដ្ឋ, តម្លាភាព, គណនេយ្យភាព, សមធម៌, ការព្រមព្រៀងឯកភាពគ្នា, ការឆ្លើយតប និងប្រសិទ្ធភាពខ្ពស់៕