អភិបាលខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ នៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម


(កណ្ដាល)៖ ផ្លូវបេតុងអាមេប្រវែង ៧១៥ម៉ែត្រ មានទទឹង ៧ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ដែលជាចំណងដៃថ្មី នៅឆ្នាំ២០២៣នេះ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តមួយចំនួននារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា៖ «អាទិភាពរបស់រដ្ឋាភិបាលដែលចាំបាច់ត្រូវធ្វើនោះគឺ មនុស្ស ទឹក ផ្លូវ ភ្លើង» ដើម្បីលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»

ឯកឧត្តមអភិបាលខេត្តបានបន្តថា សមិទ្ធផលផ្លូវបេតុងនេះ និងរីកចម្រើនជាច្រើនឥតឈប់ឈររបស់ខេត្តកណ្តាល គឺស្ថិតនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភា ដោយមានការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួច ជាច្រើនសំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវស្រឡាញ់សន្តិភាព! អរគុណសន្តិភាព! ការពារសន្តិភាព! យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ គឺដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ។

បន្ថែមពីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ចនូវបាវចនា២ និងអភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន គឺ៖ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន។

 ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំឮកដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើររួមមាន៖

ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕