ក្រសួងកសិកម្ម ដាក់ចេញនូវទស្សនទានស្ថិរភាពថ្លៃ សម្រាប់ផលិតកសិកម្មក្នុងស្រុក កុំឲ្យប៉ះពាល់ដល់អ្នកផលិត និងអ្នកបរិភោគ


(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងដាក់ចេញនូវទស្សនទានស្ថិរភាពថ្លៃ ដោយមិនឲ្យកើនឡើង ហើយក៏មិនឲ្យធ្លាក់ចុះ សម្រាប់ផលិតកសិកម្មក្នុងស្រុក កុំឲ្យប៉ះពាល់ដល់អ្នកផលិត និងអ្នកបរិភោគ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឌិត ទីណា អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងទស្សនទានរួម ក្រសួងនឹងមានបន្ទុកថ្មី ក្នុងការរៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយ ដែលមានប្រសិទ្ធភាពបំផុត ដោយធានាយ៉ាងណានូវស្ថិរភាពថ្លៃ មិនឲ្យកើនឡើង ក៏មិនឲ្យធ្លាក់ចុះ ដោយបែកចែងផលចំណេញ ឲ្យមានលក្ខណៈដូចៗគ្នា ទាំងទទួលទាន ទាំងអ្នកផលិត ទាំងអ្នកចែកចាយ»

ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ក្រសួងចង់បានការរីកចម្រើនព្រមគ្នា សម្រាប់តួអង្គទាំងអស់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ហើយការដែលទុកចោល ឬមិនផ្តល់សារសំខាន់ដល់តួអង្គណាមួយ នឹងនាំឲ្យខ្សែច្រវាក់ផលិតកម្ម ទាំងមូលជាប់គាំង និងជួបបញ្ហា។

បន្ថែមពីនោះទៀត ឯកឧត្តម ឌិត ទីណា បានឲ្យដឹងថា ទស្សនទានរបស់ក្រសួង គឺការទាញយកសក្តានុពលកសិកម្មដែលមាន ស្របទៅនឹងស្ថានភាព អំណោយផលពីធម្មជាតិរបស់កម្ពុជា មកបែងចែកប្រកបដោយសមធម៌ ទៅតាមខ្សែច្រវាក់ផលិតកម្មទាំងមូល តាំងពីការផលិត រហូតដល់អ្នកប្រើប្រាស់ ឬអ្នកទទួលទានចុងក្រោយ។

ក្នុងន័យនេះ ក្រសួងកសិកម្ម មានបន្ទុកកាន់តែធ្ងន់ ព្រោះត្រូវថ្លឹងថ្លែងផលប្រយោជន៍រួម ជាជាងផលប្រយោជន៍ក្រុមណាមួយ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល។ ពីមុនយើងជំរុញផលិតភាព ដើម្បីធានាសន្តិសុខស្បៀង។ នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្តម ឌិត ទីណា។

ឯកឧត្តម ឌិត ទីណា បានឲ្យដឹងទៀតថា «បច្ចុប្បន្ន យើងត្រូវថ្លឹងថ្លែង និងរៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ចំពោះទីផ្សារក្នុងស្រុក យើងត្រូវធានា ឲ្យបាននូវស្ថិរភាពតម្លៃ ក្នុងកម្រិតសមរម្យ សម្រាប់ទាំងអស់គ្នាទាំងអ្នកផលិត និងអ្នកទទួលទាន។ ដូច្នេះ ប្រាក់ចំណេញរបស់គ្រប់តួអង្គទាំងអស់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ត្រូវមាននៅក្នុងកម្រិតសមរម្យដូចគ្នា»

ឯកឧត្តមបន្ដថា «ក្រៅពីទិដ្ឋភាពតម្លៃ យើងមានការគិតគូរដល់គុណភាព និងសុវត្ថិភាព នៃកសិផលចំពោះអ្នកបរិភោគ ដែលនេះក៏ជាបន្ទុកមួយបន្ថែមទៀត សម្រាប់ក្រសួងផងដែរ។ ដោយឡែក ចំពោះទីផ្សារនាំចេញ ផ្អែកលើទស្សនទាននេះ យុទ្ធសាស្ត្ររបស់ក្រសួង គឺជំរុញការនាំចេញផលិតផល ដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ដែលយើងហៅថា ផលិតផលគន្លឹះ ឬផលិតផលប្រណិត»

ទន្ទឹមគ្នានេះ ឯកឧត្តម ឌិត ទីណា ក៏បានឲ្យដឹងផងដែរថា កម្ពុជាមិនអាច និងមិនត្រូវប្រកួតប្រជែង ជាមួយប្រទេសជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្តាថ្លៃដើមខ្ពស់ ទាំងក្នុងការផលិត និងដឹកជញ្ជូន។ កម្ពុជាមានឧត្តមភាពខ្ពស់ លើកត្តគុណភាព ដូច្នេះកម្ពុជាគួរផ្តោតលើការពង្រឹងឧត្តមភាពនេះ សម្រាប់ការប្រកួតប្រជែងរបស់ខ្លួន។

ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្មត្រូវទទួលបន្ទុករៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយ ដែលមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ និងគុណភាព៕