ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពភរិយា


លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពសព ញាណធាន ណារី ដែលត្រូវជាភរិយា។

តាមរយៈសារថ្លែងអំណរគុណ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារចូលរួមរំលែកទុក្ខជាមួយខ្ញុំបាទ និងក្រុមគ្រួសារ តាមរយៈលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំជាមួយខ្ញុំបាទ និងក្រុមគ្រួសារ ចំពោះមរណភាពភរិយារបស់ខ្ញុំបាទ ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

ខ្ញុំបាទសូមគោរព និងសូមសម្តែងនូវកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយខ្ញុំបាទ នេះជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះខ្ញុំបាទ និងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ»។

លោកទេសរដ្ឋមន្ត្រី សូមគោពរជូនពរសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕