សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋ ឲ្យទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩ និងប្រាប់ឲ្យបន្ដការយកចិត្ដទុកដាក់ ជាមួយនឹងវិធានការការពារ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ អត្រានៃការចាក់វ៉ាក់សាំងរបស់យើង គឺមានភាពខ្ពស់ ប៉ុន្ដែសូមកុំភ្លេច ខ្ញុំនៅតែបន្តឲ្យប្រជាពលររបស់យើង បន្តការយកចិត្តទុកដាក់ តទៅទៀត ជាមួយនឹងវិធានការការពារ សម្រាប់ជំងឺដែលវានៅបន្ដ ហើយបន្ដទទួលយកវ៉ាក់សាំង ដែលត្រូវចាក់ដូសជំរុញ ដើម្បីភាពស្មាំនៅក្នុងខ្លួន»

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឥលូវនេះ មានមេរោគបំប្លែងថ្មី XBB ហើយក៏មិនដឹងទៅខាងមុខ វានឹងចេញមេរោគបំប្លែងថ្មី អ្វីទៀតនោះដែល ហើយមេរោគបំប្លែងថ្មី XBB នេះ មិនទាន់ចូលមកកម្ពុជាច្រើននោះទេ ហើយក៏មិនប្រាកដថា វាចូលមក ឬក៏មិនចូលនោះទេ ប៉ុន្ដែមានជនជាតិកម្ពុជា ដែលរស់នៅប្រទេសក្រៅ កើតមានរួចស្រេចទៅហើយ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនដឹងថាកូវីដ១៩ វាអាចនឹងប្រែក្លាយ ទៅមេរោគអ្វីដទៃទៀតនោះទេ អ៊ឺចឹងទេចាំបាច់ ត្រូវតែអំពាវនាវចំពោះប្រជាពលរដ្ឋ ដើម្បីទទួលយកនូវវ៉ាក់សាំងជាបន្តទៀត ដើម្បីការពារកុំឲ្យហួសពេល រហូតទៅដល់សង្គ្រោះលែងបាន ទើបមានការស្ដាយក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំងមិនខ្វះទេ ដោយឥលូវនេះ នៅសល់ជាង៧លានដូស ដែលផ្ទុកនៅក្នុងឃ្លាំង ជាមួយនឹង១៥លានដូសទៀត ដែលសម្ដេចបានសំណូមពរមិត្ដចិត្ដ កុំទាន់អាលដឹកមកកម្ពុជា។

សម្ដេចបន្ដទៀតថា អាមេរិក នៅសល់៥.៥លានដូស បន្ថែមទៀត ក៏មិនទាន់ដឹកចូលផងដែរ ព្រោះមិនចង់ឲ្យមានការកកស្ទះ ហើយហួសកំណត់នៃការប្រើប្រាស់ ប៉ុន្ដែសំណាងល្អវ៉ាក់សាំងរបស់ចិន មានកាលបរិច្ឆេទរហូតដល់រយៈពេល៣ឆ្នាំ ដែលអាចវាទុកប្រើប្រាស់បាន។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៤៥,១៨២នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨១,៩៨៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៦៦៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៥,៨៧៣នាក់
៤៖ អាយុ៥ឆ្នាំ ៤២៩,០៤៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៨,៦០៦នាក់

ដោយឡែក សម្រាប់អ្នកបានដូសទី៣ចំនួន ១០,៤៣៤,៥៧២នាក់, ដូសទី៤ចំនួន ៤,៧៨៥,៧៣៩នាក់, ដូសទី៥ចំនួន ១,២៥០,០៦៧នាក់ និងដូសទី៦ ចំនួន ៧,៤០៨នាក់៕