សម្តេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រកម្ពុជា អញ្ជើញប្រធានាធិបតីម៉ាល់ឌីវ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដល់លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយនឹងការអញ្ជើញលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងពេលកម្ពុជា បើកព្រឹត្តិការណ៍ស៉ីហ្គេម។

ថ្លែងនៅចំពោះមុខប្រធានាធិបតីម៉ាល់ឌីវដោយផ្ទាល់ នៅរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣ ពេលមេដឹកនាំទាំងពីរ ធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅវិមានប្រធានាធិបតីម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងជាថ្មីអំពីការសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា អមដោយការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី សម្រាប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនអាចធ្វើទៅបាន គឺអញ្ជើញទស្សនកិច្ចនៅក្នុងពេលកម្ពុជាបើកព្រឹត្តិការណ៍ស៉ីហ្គេម នៅក្នុងខែឧសភា ឆ្នាំ២០២៣»

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពង្រីកវិសាលភាពវិស័យវប្បធម៌រវាងកម្ពុជា-ម៉ាល់ឌីវ និងបានលើកឡើងអំពីការផ្តល់អាហារូករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ប្រទេសម៉ាល់ឌីវជាតំបន់ដ៏គួរឱ្យទាក់ទាញមួយ ហើយសម្តេចតេជោ ចង់ឱ្យតំបន់តារាសាគរកម្ពុជា អភិវឌ្ឍន៍ដូចមាត់សមុទ្រម៉ាល់ឌីវ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សមាជិកអាស៊ានទាំងអស់ នឹងទទួលយកម៉ាល់ឌីវ ជាដៃគូរបស់អាស៊ាន។ សម្តេចតេជោ ក៏សង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) នៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានសន្យាទៀតថា នឹងជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ ដាក់ជាឈ្មោះផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយសង្ឃឹមថា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ នឹងអាចសម្ពោធក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធីបតីម៉ាល់ឌីវ នៅកម្ពុជានាថ្ងៃខាងមុខនេះ។

«ខ្ញុំសូមអរគុណចំពោះការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ជាការយកចិត្តរបស់ឯកឧត្តមចំពោះទស្សនកិច្ចរបស់ខ្ញុំ ហើយដែលជាការចាប់ផ្តើមរបស់យើងដ៏ល្អបំផុត។ ពេលខ្ញុំទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយបើក្នុងពេលនោះទស្សនកិច្ចរបស់ឯកឧត្តម អាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះតែម្តង។ យើងនឹងធ្វើកិច្ចការនេះ ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជា និងម៉ាល់ឌីវ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ៕