សម្ដេចតេជោ ហ៊ុន សែន ផ្តល់អំណោយផ្ទះថ្មី ជូន​អតីត​យុទ្ធ​ជនពិការនៅ​ឃុំ​កកោះ ស្រុក​សន្ទុក


ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន​ទៅប្រគល់ខ្នងផ្ទះទី២៣៩ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​  តាម​រយ:ទេសរដ្ឋមន្រ្តី​ នាយ​ឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិស្វាយកាល់ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​ ។

លោក ឡង គីសឹង  អភិបាលស្រុក ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសន្ទុក បាន​ថ្លែងនូវការស្វាគមន៍ចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន​ សែន ដែលបានផ្ដល់ផ្ទះជូនអតីតយុទ្ធជនពិការនៅស្រុកសន្ទុក និងបានបញ្ជាក់ថាលោកពលបាលទោ ស៊ុន វណ្ណា អាយុ៥៩ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅអង្គភាពកងពលលេខ៤ ហើយបានត្រូវរបួសពិការដាច់ជើងខាងឆ្វេងនៅឆ្នាំ១៩៨៩ ក្នុងពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិសំឡូត ខេត្តបាត់ដំបង។

លោកមានភរិយា និងកូនក្នុងបន្ទុកចំនួន៦ ហើយសព្វថ្ងៃប្រកបរបរធ្វើស្រែ បន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពគ្រួសារ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ហើយមានជម្រកស្លាក់នៅមិនសមរម្យ ទើបគណៈកម្មាធិការសមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត​កំពង់ធំ​ សុំការសម្រេចសាង​សង់​ផ្ទះជូនគាត់នៅពេលនេះ​ជាខ្នងផ្ទះទី២៣៩ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ​។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ១០០គីឡូក្រាម មីចំនួន៤កេស ទឹកត្រី ទទឹកស៊ីអ៉ីវចំនួន៤យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន​ ព្រមទាំងថវិកាមួយចំនួនផងដែរ ៕