ផ្លូវ ស្ពាន មួយចំនួនស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រងការខូចខាតដោយសារជំនន់ទឹកភ្លៀង, ឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលឡើងវិញ


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមកាងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្ធ និងគមនាគមន៍ដែលរងការខូចខាតនៅក្នុងភូមិសាស្រ្ដ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថានៅក្នងឃុំទាំង៧ គឺឃុំត្បែងខ្ពស់ ស្វាយជុក ពាម ឈានឡើង ក្រាំងល្វា ខ្នាឆ្មារ និងឃុំពានី ក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ មានផ្លូវជនបទចំនួន ១២ខ្សែ ប្រវែងសរុប ៧៨ ៥៦០ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មាន២ខ្សែ ប្រវែង ៣៧ ៤០០ម៉ែត្រ លិចទឹកប្រវែង ៣ ១០០ម៉ែត្រ និងខូចតាមជើងទេរប្រវែង ២ ២០០ម៉ែត្រ ។ ផ្លូវក្រាលក្រួសក្រហមដែលរងការខូចខាតមានចំនួន ១០ខ្សែ ប្រវែងសរុប ៤១ ១៦០ម៉ែត្រ ក្នុងនោះលិចទឹកប្រវែង ៣៣ ១០០ម៉ែត្រ និងហូរច្រោះខូចជើងទេរមានប្រវែង ៣ ២៤០ម៉ែត្រ ក្នុងនោះក៏មានស្ពានមួយកន្លែង និងលូរំដោះទឹកចំនួន ៣កន្លែង ក៏រងការខូចខាតផងដែរ។

ថ្លែងនាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ចំពោះផ្លូវ ស្ពាន លូ ដែលបានខូចដោយសារជំនន់ទឹកភ្លៀងខាងលើនេះក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងលើកគម្រោងធ្វើការជួសជុលឡើងវិញ។ ចំពោះស្ពានដែលមិនអាចធ្វើដំណើរបានក្រសួងនឹងធ្វើការជួសជុលបន្ទាន់ដើម្បីភ្ជាប់ឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសិនផងដែរ៕