សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យកសាងផ្លូវ២ខ្សែនៅភ្នំពេញ ដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។

ជាមួយនិងគុណបំណាច់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។

ការថ្លែងអំណរគុណនេះ ខណៈដែលឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ។

ក្រោយពីជំនួបសម្តែងការគួរសម និងជម្រាបលាហើយ ឯកឧត្តម ឃួង ស្រេង និងលោក ស៊ូឌីម៉ាន ហាសេង ក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន, រដ្ឋបាលរាជធានីភ្នំពេញ បានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។

លោក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះ បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas)។

បន្ថែមពីនេះ លោក ស៊ូឌីម៉ាន ហាសេង ក៏បានលើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ។ លោកបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕