សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធាន៥រូប ប្រឡងជ្រើសរើសគ្រូពេទ្យបន្ថែម ២០០នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ៣០០នាក់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធានចំនួន៥រូប និងអនុញ្ញាតឲ្យមានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូពេទ្យចំនួន ២០០នាក់បន្ថែម​ រួមទាំងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០នាក់ផងដែរ ដើម្បីជំរុញកិច្ចដំណើរការរបស់មន្ទីរពេទ្យថ្មីដ៏ធំមួយនេះ។

សម្តេចតេជោបញ្ជាក់ថា ការជ្រើសរើសគ្រូពេទ្យថ្មីចំនួន ២០០នាក់នេះ បន្ថែមលើក្រុមគ្រូពេទ្យក្របខណ្ឌ របស់រដ្ឋបាលរាជធានីភ្នំពេញចំនួន ១៥០នាក់។ បើទោះបីបន្ថែមចំនួនគ្រូពេទ្យនេះក្តី ក៏មិនទាន់គ្រប់គ្រាន់ សម្រាប់តម្រូវការមន្ទីរពេទ្យដ៏ធំនេះនោះទេ ព្រោះមន្ទីរពេទ្យ ត្រូវការគ្រូពេទ្យឯកទេសរហូតដល់ ១០០០នាក់ឯណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដំណើរការមន្ទីរពេទ្យនេះនឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដែលអាចទទួលអ្នកជំងឺរហូតដល់ជិត ១ម៉ឺននាក់ ខណៈបច្ចុប្បន្នមន្ទីរពេទ្យ ដែលធំជាងគេទទួលអ្នកជំងឺច្រើនជាងគេនៅភ្នំពេញ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៉ី (ពេទ្យរុស្ស៉ី) មានសមត្ថភាពទទួលអ្នកជំងឺបាន ១០០០នាក់។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងបានតែងតាំងរួចមកហើយ ប្រធានមន្ទីរពេទ្យ [ពេទ្យតេជោសន្តិភាព] ខ្ញុំបានយល់ព្រមតាមសំណើរបស់ឯកឧត្តម ម៉ម ប៊ុនហេង ហើយនៅអនុប្រធាន ៥នាក់ទៀត ដោយ៤នាក់បានដាក់ ស្នើទៅរដ្ឋមន្ត្រីមុខងារសាធារណៈហើយ ប៉ុន្តែខ្ញុំសុំសម្រេចជំនួស ខ្ញុំអនុញ្ញាតឲ្យឯកឧត្តម ម៉ម ប៊ុនហេង ចុះហត្ថលេខាតែងតាំងអនុប្រធានទៅចំនួន៥នាក់»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ឥឡូវយើងបានប្រមូលគ្រូពេទ្យ ដែលនៅតាមពេទ្យនានា និងនៅសាលារាជធានីភ្នំពេញ ដែលក្របខណ្ឌក្រសួងសុខាភិបាលឲ្យនោះ មកនៅទីនេះចំនួន១៥០នាក់ វាមិនទាន់គ្រប់គ្រាន់ទេ តម្រូវការផ្នែកឯកទេសត្រូវការដល់ ១ ០០០នាក់ឯណោះ ប៉ុន្តែមុននឹងដល់ ១០០០នាក់នេះ ខ្ញុំសុំប្រកាសផ្តល់បន្ថែម ឲ្យប្រឡងជ្រើសរើសចំនួន ២០០នាក់បន្ថែមទៀត ហើយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច ត្រូវរៀបចំប្រាក់បៀវត្ស នៅពេលប្រឡងប្រជែង និងចូលក្របខណ្ឌពេញលេញ  ក្រៅពីនោះមានអ្នកបើករថយន្ត អ្នកបោសសម្អាត និងផ្សេងៗទៀត អីចឹងខ្ញុំផ្តល់ជូននូវបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០នាក់បន្ថែមទៀត»

សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាក្រុមហ៊ុនសាងសង់ កម្មករ កម្មការិនី ដែលបានរួមគ្នាប្រឹងប្រែងសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ឱ្យសម្រេចបានប្រមាណ ៨០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់នៃជំងឺឆ្លងកូវីដ១៩ ទើបជំរុញឱ្យរាជរដ្ឋាភិបាលសាងសង់មន្ទីរពេទ្យ «តេជោសន្តិភាព» ដែលមានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត ១ម៉ឺននាក់។

លោកវេជ្ជបណ្ឌិត សួន សាមិត្ត ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាប្រធាន មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។

សូមជម្របថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ហើយគ្រោងបញ្ចប់ការសាងសង់ និងបំពាក់បរិក្ខារនៅចុងខែមិថុនា ឆ្នាំ២០២៣។

មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ។ ក្នុងនោះ គ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។

មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះ បំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ៕