សម្តេចតេជោ ហ៊ុន សែន ហាមជនបរទេសលូកដៃ ប្រសិនបើសម្តេចចាត់វិធានការទៅលើអ្នកចោទប្រកាន់ដោយមិនមានមូលដ្ឋាន និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានប្រកាសហាមជនបរទេស លូកដៃក្នុងបទល្មើសរបស់អ្នកនយោបាយនៅកម្ពុជា។

ថ្លែងពេលចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់ សម្តេចតេជោ​ ហ៊ុន សែន បានលើកឡើងទៀតថា ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មិនចំណុះឱ្យប្រទេសណាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ជនបរទេសទាំងឡាយ កុំលូកដៃឲ្យសោះ។ បើមុននឹងលូកដៃ ទៅមើលពាក្យសម្តីដែល ហ៊ុន សែន និយាយថា តើអាពួកហ្នឹងនិយាយពីអី។ អ្នកឯងចេះការពារសេចក្តីថ្លៃថ្នូរខ្លួនឯងទេ? សូម្បីតែម្សិលមិញ អាល្លឺម៉ង់ដែលគេចាត់ទុកថា ជាអ្នកប្រជាធិបតេយ្យ ក៏គេចេះចាប់សកម្មជនបរិស្ថានដែរ។ ម៉េចបានគេធ្វើបាន? ខ្មែរម៉េចធ្វើមិនបាន?  នរណាទៅបន្ទោសអាល្លឺម៉ង់? បន្ទោសបានតែអ្នកក្រហ្នឹង។ កម្ពុជា មានឯករាជ្យពិតប្រាកដ អត់មានទៅចំណុះនរណាទេ»

ការលើកឡើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងព្រមគ្នាជាមួយនឹងការព្រមានប្តឹងគណបក្សភ្លើងទៀន ដែលចេញបានសេចក្តីថ្លែងការណ៍ចោទប្រកាន់ថា គណបក្សកាន់អំណាច បានគំរាមកំហែងលើគណបក្សប្រឆាំងចំពោះការចាប់ខ្លួន លោក ថាច់ សេដ្ឋា​ អនុប្រធានគណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងករណីចេញសែកស្អុយ។ សម្តេចបានពន្យល់ថា ការចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ មិនមានការពាក់ព័ន្ធនឹងនយោបាយទេ ហើយករណីនេះក៏ធ្លាប់កើតឡើងជាហូរហែរកន្លងមកចំពោះអ្នកដែលបានប្រព្រឹត្តកំហុសនេះដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅជនបរទេសទាំងឡាយ កុំឱ្យមានការលូកដៃ ប្រសិនបើសម្តេចចាត់វិធានការទៅលើអ្នកចោទប្រកាន់ ដោយមិនមានមូលដ្ឋាន និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ក៏បានលើកឡើងករណីអាល្លឺម៉ង់ឃាត់ខ្លួនសកម្មជនបរិស្ថានម្នាក់ ហើយគ្មានប្រទេសណាមួយរិះគន់ឡើយ។

សូមជម្រាបថា សកម្មជនការពារបរិស្ថានដ៏លេចធ្លោរ កញ្ញា ហ្គ្រេតតា ធុនបឺគ (Greta Thunberg) ត្រូវបានប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួន ក្នុងពេលដឹកនាំការធ្វើបាតុកម្មតវ៉ាមួយ ប្រឆាំងនឹងការពង្រីកអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិ លូតហ្សេរ៉ាត់ ( Lützerath) នៃភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។​

នេះគឺជាលើកទី២ហើយ ដែលកញ្ញា Greta Thunberg ត្រូវបានប៉ូលិសអាល្លឺម៉ង់ចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន ដោយកាលពីថ្ងៃអាទិត្យកន្លងទៅសកម្មជនរូបនេះក៏ត្រូវបានប៉ូលិស ចាប់ខ្លួនផងដែរ និងលើកទី២ គឺនៅថ្ងៃអង្គារសប្ដាហ៍នេះ។ បើតាមប៉ូលិសអាល្លឺម៉ង់ ក្រុមបាតុករដឹកនាំដោយកញ្ញា Greta Thunberg បានសម្រុកចូលទៅក្នុងតំបន់អណ្ដូងរ៉ែ ដោយ ទម្លុះរនាំងការពារ ហើយប៉ូលិសក៏បានព្រមានឱ្យក្រុមបាតុករចាកចេញផងដែរ តែក្រុមបាតុករបានបដិសេធ ជាហេតុបង្ខំឱ្យប៉ូលិសប្រើកម្លាំងបាយនាំខ្លួនបាតុករចេញពី កន្លែងគ្រោះថ្នាក់ និងឃុំខ្លួនពួកគេជាបណ្ដោះអាសន្ន។

ជាមួយនឹងការប្រកាសហាមជនបរទេស លូកដៃក្នុងបទល្មើសរបស់អ្នកនយោបាយនៅកម្ពុជា សម្តេចតេជោ បានស្នើកុំឲ្យយកអាជីពជាអ្នកសារព័ត៌មាន អ្នកនយោបាយ និងអង្គការសង្គមស៉ីវិល បិទបាំងភាពទុច្ចរិតឡើយ៕