ឯកឧត្តម ជា ចាន់តូ អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាថ្មី នៅវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម


ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា កសាងអគារសិក្សាថ្មី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់។

កសាងអគារសិក្សាថ្មី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់ ជាអំណោយផ្ទាល់របស់ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ជូនដល់វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឯកឧត្តម ជា ចាន់តូ លើកឡើងថា រាល់ការអភិវឌ្ឍន៍មិនមែនធ្វើត្រឹមមួយថ្ងៃ ឬមួយខែនោះទេ ទាមទាពេលវេលា និងការចូលរួមគ្នាពីគ្រប់ផ្នែកគ្រប់ថ្នាក់ ក្នុងនោះរួមទាំងវិស័យឯកជនផងដែរ។

ឯកឧត្តម ជា ចាន់តូ បានបន្ដថា ដើម្បីឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍ និងការរីកចម្រើនថ្មីៗ កត្តាសំខាន់ត្រូវតែថែរក្សាការពារ ឲ្យបានគង់វង្សនូវសុខសន្តិភាព ការឯកភាពជាតិ និងការរួមសាមគ្គីភាពគ្នាឲ្យបានរឹងមាំ។

ជាក់ស្ដែងរាល់សមិទ្ធផល ក្នុងនោះរួមទាំងក្នុងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម សុទ្ធតែកើតចេញពីការប្រឹងប្រែង និងការខិតខំ ពិសេសកត្តាសន្តិភាពជានយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ជា ចាន់តូ បញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍយុវជនមានសារសំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះយុវជនជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ ប្រកបដោយសក្ដានុពល សម្រាប់អភិវឌ្ឍប្រទេសជាតិ ដូច្នេះការកសាងអគារថ្មីជាការរួមចំណែក និងការឆ្លើយតបទាន់ពេល ចំពោះការសិក្សារបស់យុវជន។

សូមបញ្ជាក់ថា តាមការបញ្ជាក់ របស់លោកនាយកវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម បានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ សិស្សបានកើនដល់ចំនួន១២៩៩នាក់ ក្នុងនោះសិស្សស្រីមានចំនួន៧២៣នាក់។ ដូចនេះហើយទើបសាលាបានសម្រេចរៀបចំឲ្យសិស្សរៀនពី៥៥នាក់ ទៅ៦៥នាក់ក្នុងមួយថ្នាក់។

ជាមួយនេះដោយមើលឃើញពីត្រូវការ និងការខ្វះខាតនេះកាលពី ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ និងប្រតិភូបានជួយកសាងអគាបណ្ណាល័យមួយខ្នងជួយជួសជុលអគារចាស់ៗ និងបានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនទៀត ដល់សាលាថែមទៀតផង។

ក្នុងឱកាសនោះឯកឧត្តម ជា ចាន់តូ បានផ្ដល់សម្ភារៈសិក្សា អាវរងារ និងថវិកាជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សផងដែរ៕