(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី និងអភិបាលខេត្តចម្ប៉ាសាក់ ឡាវ ឯកឧត្តមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ នឹងពង្រឹងកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែននៃខេត្តទាំងពីរ ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍គ្រប់វិស័យ។
ការប្តេជ្ញាចិត្តរួមគ្នារវាងអភិបាលខេត្ត នៃប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើកទី៩ រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្រុងប៉ាក់សេ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងផ្នែកធនធានមនុស្ស នៅក្នុងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តមក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និត ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និង ភាពជាអ្នកជិតខាងល្អ ព្រមទាំងឯកភាពបន្តពង្រឹងទំនាក់ទំនងដ៏ល្អ ក្នុងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងខេត្ត និងខេត្តនៃប្រទេសទាំងពីរ ជាពិសេសវិស័យសំខាន់ៗ ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានបន្តទៀតថា កិច្ចសហប្រតិបត្តិការកន្លងមក បានអនុវត្តទៅលើវិស័យនានា ដែលបង្កលក្ខណៈឲ្យភាគីទាំងពីរសហការ និងដោះស្រាយបាននូវបញ្ហា ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ តាមបណ្តោយ ព្រំដែន ដូចជា អំពើចោរកម្មការឆ្លងចេញចូល សួរសុខទុក្ខរបស់ប្រជាពលរដ្ឋ ការរៀបចំពិធីបុណ្យអ៊ុំទូកមិត្តភាព រវាងស្រុកខូង និងស្រុកឆែប ដើម្បីបង្កើនការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងដើម្បីលើកកម្ពស់ការ ផ្លាស់ប្តូរទំនិញ និងទេសចរណ៍។
ស្របជាមួយនោះយើងសង្កេតឃើញថា មានបញ្ហាមួយចំនួនទៀតនៅមិនទាន់អនុវត្តបានដូចជា បញ្ហាការលួចកាប់បំផ្លាញព្រៃឈើ ការរត់ពន្ធទំនិញខុសច្បាប់ ការបរបាញ់សត្វ ការឆ្លងដែនខុសច្បាប់ ការរៀបអាពាហ៍ពិពាហ៍ខុសច្បាប់ ការផ្លាស់ប្តូរកិច្ចប្រជុំរវាងមន្ទីរជំនាញ និងមន្ទីរជំនាញ កិច្ចប្រជុំថ្នាក់ស្រុក និងថ្នាក់ស្រុក។
ឯកឧត្តម គីម រិទ្ធី បានជំរុញឲ្យភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក ជាពិសេសទៅលើវិស័យកសិកម្ម ដែលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា ខេត្តព្រះវិហារ ជាខេត្តធំជាងគេដែលនាំចេញនូវស្រូវសរីរាង្គទៅលក់ នៅទីផ្សារអ៊ឺរ៉ុប និងកំពុងជម្រុញ ខេត្តមួយនេះឲ្យក្លាយទៅជាខេត្តសរីរាង្គផងដែរ៕