ប្រតិភូវិនិយោគបារាំង ជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ពួកគេមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ព្រោះមានពលរដ្ឋចំណូលមធ្យមច្រើន


(ភ្នំពេញ)៖ ប្រតិភូវិនិយោគមួយក្រុម ដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់ របស់បារាំង បានជម្រាបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពួកគេមានជំនឿចិត្តក្នុងការវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាមានពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន បូករួមជាមួយកត្តាអំណោយផលមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្ម ក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំអ្នកវិនិយោគបារាំងមួយក្រុម ជួបសម្តែងការគួរសម និងពិភាក្សាលើការងារវិនិយោគ ជាមួយសម្តេចតេជោ ហ៊ុន​ សែន និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា។

យោងតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម អូលីវេ្យ បិច បានគោរពជម្រាបជូនសម្តេចតេជោថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ដោយឈរលើមូលហេតុថា កម្ពុជា បានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ រយៈពេល ២០ឆ្នាំ កម្ពុជា បន្តធ្វើកំណែទម្រង់ បង្កបរិយាកាសល្អសម្រាប់ការវិនិយោគ កម្ពុជា កំពុងមានប្រជាពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន។

ឯកឧត្តម អូលីវេ្យ បិច បានជម្រាបសម្តេចតេជោថា ឈរលើមូលហេតុទាំងនេះហើយ ដែលនាំឱ្យអ្នកវិនិយោគបារាំង សម្រេចចិត្តធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត។

សម្តេចតេជោ បានស្វាគមន៍ និងជម្រាបជូនប្រតិភូវិនិយោគរបស់បារាំង ទាំងមូលថា កម្ពុជាអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចវិនិយោគ ១០០ភាគរយ សម្រាប់ផ្លូវដែកល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ក្រុងហូជីមិញ។ ដោយឡែកផ្លូវដែកពីរខ្សែទៀត គឺត្រូវពង្រីក ដោយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជន តាមទម្រង់ BOT។

ពាក់ព័ន្ធថាមពលស្អាតវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថា កម្ពុជា កំពុងប្រើប្រាស់ថាមពលស្អាតប្រមាណ ៦២ភាគរយហើយ ហើយកំពុងទាក់ទាញកាវិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុញ្ញាតឱ្យបង្កើតរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។

សម្តេចតេជោ បានលើកឡើងដែរថា កម្ពុជា កំពុងតែលើកទឹកចិត្តឱ្យ ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនេះជាឱកាសមួយសម្រាប់ការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ក៏បានជម្រាបប្រតិភូលើវិស័យវិនិយោគ អំពីវិស័យអាទិភាពមួយចំនួនទៀតរបស់កម្ពុជា ដែលរួមមាន ការជំរុញវិស័យឧស្សាហកម្ម ជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយកម្ពុជាមានវត្ថុធាតុដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវ។ល។ សម្រាប់កែច្នៃ មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែអាចនាំទៅកាន់ទីផ្សារប្រទេសដទៃទៀត ដែលជាដៃគូរបស់កម្ពុជា។

សូមរំលឹកថា ឯកឧត្តម អូលីវេ្យ បិច កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែមករា។

ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនដ្ត្រីកម្ពុជា និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ស្ថានទូតបារាំងនៅកម្ពុជា បានឱ្យដឹងថា អមដំណើរដោយគណៈប្រតិភូធុរជនដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France ឯកឧត្តម អូលីវេ្យ បិច នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមានសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ នឹងមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំងចំនួន ៥,០០០នាក់ ដែលកំពង់រស់នៅកម្ពុជា បានចុះបញ្ជីជាមួយស្ថានទូត។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏នឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំង នៅក្នុងសង្គ្រាមលោកលើកទី១ តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រៅពីនេះ ឯកឧត្តម អូលីវេ្យ បិច នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប។

ឯកឧត្តម អូលីវេ្យ បិច ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង។

ស្ថានទូតបារាំង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំង នៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួម របស់លោកប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក។

អាស៊ីអាគ្នេយ៍ គឺជាតំបន់សំខាន់មួយនៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះគឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោកបើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់សហភាពអឺរ៉ុប៕