រដ្ឋមន្ត្រីយុត្តិធម៌ គាំទ្រពេញទំហឹង និងលើកទឹកចិត្តឱ្យមានកម្មវិធីកីឡាវាយសីវិស័យយុត្តិធម៌ ដើម្បីបន្ដពង្រឹងសកម្មភាពឱ្យកាន់តែមានច្រើនជាបន្ដបន្ទាប់ទៀត


ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហាញនូវគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យមានការបង្កើតនូវកម្មវិធីប្រកួតកីឡាវាយសីវិស័យយុត្តិធម៌ ក៏ដូចជាសកម្មភាពរបស់ក្រុមបាត់ទាត់សេនាយុត្តិធម៌ផ្សេងទៀត ជាពិសេសត្រូវបន្ដពង្រឹង និងពង្រីកនូវសកម្មភាពការងាររបស់ខ្លួនឱ្យកាន់តែមានច្រើនជាបន្ដបន្ទាប់ទៀត។

ការបង្ហាញនូវការគាំទ្របែបនេះ របស់ឯកឧត្តម កើត រិទ្ធ បានធ្វើឡើងនៅក្នុងឱកាសដែលោកបានអញ្ជើញជាអធិបតីភាពបិទកម្មវិធី «វាយសីពានរង្វាន់វិស័យយុត្តិធម៌ លើកទី៥» នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ កម្មវិធីនេះបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី២៧-២៨-២៩ ខែមករា នៅទីតាំង បុរី អ & អេហ្វ ស៊ីធី រាជធានីភ្នំពេញ។

កម្មវិធី «វាយសីពានរង្វាន់វិស័យយុត្តិធម៌» គឺជាការប្រកួតវាយសី ដើម្បីដណ្ដើមយកពានរង្វាន់ ប្រចាំឆ្នាំដោយការប្រកួតនៅក្នុងឆ្នាំនេះ គឺជាការប្រកួតលើកទី៥ ហើយដែលមានសមាសភាពកីឡាករ កីឡាការនី ចូលរួមប្រកួតសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ និងតុលាការ ក្នុងនោះរួមមានសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខានៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចៅក្រម ព្រះរាជអាជ្ញាព្រះរាជអាជ្ញារង មេធាវី និងក្រឡាបញ្ជី មានចំនួន ២៧៦រូប ដែលបានចូលរួមដាក់ពាក្យប្រកួតប្រជែងដើម្បីដណ្តើមពានរង្វាន់។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការប្រកួតវាយសីវិស័យយុត្តិធម៌ គឺជាការប្រកួតលើកទី៥ ហើយកម្មវិធីនេះ គឺជាសកម្មភាពកីឡាមួយ ក្នុងចំណោមសកម្មភាពផ្សេងៗ ជាច្រើនទៀតរបស់ក្រុមកីឡាសេនាយុត្តិធម៌ ដែលរួមមានទាំងសកម្មភាពមនុស្សធម៌ កិច្ចសហប្រតិបត្តិការជាមួយបណ្ដារប្រទេសជាមិត្ត និងសកម្មភាពកីឡាដទៃទៀត។ ទាំងនេះគឺជាអ្វីដែលក្រុមកីឡាសេនាយុត្តិធម៌ បានខិតខំប្រឹងប្រែងរៀបចំឡើងដែលបាននាំមកនូវកិត្តិយស និងមោទនភាពជូនដល់វិស័យយុត្តិធម៌។

ឯកឧត្តមរដ្ឋមន្ដ្រីក៏សូមចូលរួមអបអរសាទរចំពោះជ័យលាភី នៃការប្រកួតវាយសីវិស័យយុត្តិធម៌ ហើយសកម្មភាពកីឡា បាននាំមកនូវទាំងសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបាននូវចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាលក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ និងយុត្ដិធម៌។

បន្ថែមពីនេះឯកឧត្តម កើត រិទ្ធ បានថ្លែងអំណរគុណ «អរគុណសន្ដិភាព», សន្ដិភាពនាំមកនូវការអភិវឌ្ឍជូនសង្គមជាតិ, សន្ដិភាពនាំឱ្យមានកីឡា ហើយកីឡាបាននាំមកនូវកិត្តិយសរបស់ជាតិ ជាក់ស្ដែងឆ្នាំនេះ កម្ពុជាមានកិត្តិយស បានធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ហើយស្មារតីនៃកីឡានេះ នឹងរស់នៅក្នុងសន្ដិភាពជាយូរអង្វែងតរៀងទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សន្ដិភាព អាចមានភាពរឹងមាំស្ថិតស្ថេរ ក៏មានការចូលរួមយ៉ាងសំខាន់ពីតួនាទីរបស់ច្បាប់ ជាក់ស្ដែងនៅថ្ងៃនេះ សុទ្ធសឹងតែជាអ្នកបម្រើការងារនៅក្នុងវិស័យច្បាប់ ដែលមានទាំងចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី ដែលការបំពេញនូវបេសកកម្មរបស់ខ្លួន គឺពិតជាមានសារៈសំខាន់សម្រាប់ជាតិ គឺការចូលរួមចំណែកដែលមិនអាចខ្វះបាននូវការថែរក្សាសន្ដិភាព និងស្ថិរភាពរបស់ប្រទេសជាតិ ហើយសូមឱ្យស្មារតីនៃកីឡានេះ ដក់ជាប់ក្នុងដួងចិត្តរបស់យើង និងសូមឱ្យកីឡាករ កីឡាការនី ទាំងអស់ ដែលឋិតនៅក្នុងវិស័យ យុត្តិធម៌ រួមចំណែកឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការថែរក្សាសុខសន្ដិភាព និងស្ថិរភាពក្នុងសង្គមជាតិ។

បើតាមឯកឧត្តម សេង ប៊ុនឃាង ប្រធានគណៈកម្មការរៀបចំការប្រកួតវាយសីវិស័យយុត្តិធម៌ បានធ្វើការរាយការណ៍នៅក្នុងការបិទកម្មវិធី «វាយសីពានរង្វាន់វិស័យយុត្តិធម៌លើកទី៥» ជូនឯកឧត្តមរដ្ឋមន្ត្រី ដោយបានបញ្ជាក់អំពីលទ្ធផលដ៏ជោគជ័យក្នុងការរៀបចំការប្រកួត ដែលកើតឡើងពីការជួយជ្រោមជ្រែង ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី គណៈកម្មការរៀបចំការប្រកួត កីឡាករ កីឡាការនី ដែលជាចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និងក្រឡាបញ្ជី ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវសាមគ្គីភាព ភារតភាព នៅក្នុងវិស័យយុត្តិធម៌តាមរយៈកីឡា។

ក្នុងនោះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីប្រកួតវាយសីវិស័យយុត្តិធម៌នេះ គឺធ្វើឡើងក្នុងគោលបំណង៖

ទី១៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។
ទី២៖ ដើម្បីចូលរួមអបអរសាទរយុទ្ធនាការនៃការរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។
ទី៣៖ ដើម្បីចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និត រវាងកីឡាករ និងកីឡាការនី ដែលសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ និងតុលាការ។
ទី៤៖ ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងថែរក្សាសុខភាពរបស់កីឡាករ និងកីឡាការនី។
ទី៥៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា ក្រោយពីបានធ្វើការជូនដំណឹងពីការបង្កើតកម្មវិធីនេះគណៈកម្មការរៀបចំការប្រកួតវាយសីវិស័យយុត្តិធម៌ បានទទួលនូវការសុំចុះឈ្មោះពីកីឡាករ កីឡាការនី រហូតដល់ចំនួន ២៧៦រូប ដែលត្រូវប្រកួតដណ្តើមពានរង្វាន់ ដូចជា៖ ពានរង្វាន់ជ័យលាភី, ពានរង្វាន់ ALL STAR, ពានរង្វាន់ Mix Double, ពានរង្វាន់មិត្តភាព និងពានរង្វាន់កិត្តិយស៕