លោកជំទាវបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីជាង ៣ពាន់នាក់ នៅសាកលវិទ្យាល័យស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី ចំនួន ៣,១៨៩នាក់ នៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង។

នាឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សាស្ត្រចារ្យ និងនិស្សិត ព្រមទាំងឪពុក ម្តាយ អាណាព្យាបាល ជាដើម។

លោកជំទាវបណ្ឌិត ម៉ែន សំអន បានផ្សព្វផ្សាយអំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកមរា ឆ្នាំ២០២៣។

លោកជំទាវបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យនិងគោលការណ៍នានា នៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។

បន្ថែមពីនេះលោកជំទាវបណ្ឌិត ម៉ែន សំអន ក៏បានស្នើឱ្យនិស្សិតជ័យលាភីទាំងអស់ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមានប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិរួមមាន៖ ត្រូវបន្តការសិក្សាពេញមួយជីវិត, ត្រូវចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយការទទួលខុសត្រូវ, ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម, ត្រូវខិតខំចូលរួមបង្កើតស្នាដៃថ្មីឱ្យសង្គមជាតិយើង, ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត និងត្រូវចេះតបស្នងគុណ។

លោកជំទាវបណ្ឌិត ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសប្បុរសជនចំនួន ១០លានរៀល និង ៦,០០០ដុល្លារ ប្រគល់ជូនដល់គណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីចាត់ចែងក្នុងកម្មវិធី។ ចំណែកឯនិស្សិតជ័យលាភី ៣,១៨៩អង្គ/នាក់ ក្នុង១អង្គ/នាក់ ទទួលបានថវិកា ២ម៉ឺនរៀល៕