ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ជួយសង្គ្រោះ និងស្តារជីវភាពរបស់ ប្រជាជនតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលបានកំពុងអនុវត្តដោយមូលធិនិជាតិជំនួយសង្គម ជាពិសេស ជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីវិបត្តិផ្សេងៗ ដូចជា គ្រោះធម្មជាតិទឹកជំនន់ ជំងឺកូវីដ-១៩ បញ្ហាអតិផរណាដែលដរចេញសង្គ្រាមរូស៊ីអ៊ុយក្រែន។
ការលើកឡើងរបស់ឯកឧត្តម វង សូត បានធ្វើឡើងខណៈឯកឧត្តមជួបសម្តែងការគួរសមជាមួយ លោក Joseph Scheuer តំណាងអង្គការសហប្រជាជាតិប្រចាំនូវកម្ពុជា លោក Will Parks ប្រធានអង្គការ UNICEF និងសហការី ដើម្បីសម្តែងការគួសម និងពិភាក្សាការងារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
ជាមួយគ្នានោះ លោក Joseph Scheuer បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពអន្តរាគមន៍ ប្រកបដោយវិជ្ជមានរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយ៉ាងល្អប្រកបដោយភាពជិតស្និទ្ធ។
ក្នុងនាមអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួល នឹងបន្តជួយសម្របសម្រួល ផ្តល់ការគាំទ្រនានាក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធដល់កម្ពុជា ក្នុងការជួយដល់ជនក្រីក្រដែលមានប័ណ្ណ ជនមានពិការភាព យន្តការគាំទ្រ និងការកសាងសេចក្តីព្រាងច្បាប់និងលិខិតគតិយុត្តក្នុងក្របខ័ណ្ឌគាំពារសង្គម ការរៀបចំផែនការ ការផ្តល់ធាតុចូលសម្រាប់រៀបចំគោលនយោបាយ ក៏ដូចជា ការកសាងទំនុកចិត្ត និងពង្រឹងភាពជាដៃគូកាន់តែល្អប្រសើរ សំដៅ រួមគ្នាជួយគាំទ្រ និងកាត់បន្ថយផលប៉ះពាល់និងហនិភ័យនានាដល់ជនរងគ្រោះ។
ក្នុងជំនួបនេះ ក៏បានលើកឡើងពីវឌ្ឍនភាពនៃការកសាងច្បាប់ស្តីពីកិច្ចការពារកុមារ និងការអនុវត្តអនុក្រឹត្យ ស្តីពីរបបឧបត្ថម្ភជនពិការក្រីក្រនៅតាមសហគមន៍។ ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជាលោកបានថ្លែងអំណរគុណដល់អង្គការ សហប្រជាជាតិ ក៏ដូចជាអង្គការយូនីសេហ្វប្រចាំកម្ពុជាដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយ៉ាងជិតស្និទប្រកបដោយលទ្ធផលជាវិជ្ជមាន៕