(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួម ពិធីដាក់ឲ្យអនុវត្តជាផ្លូវការ ស្ដីពីកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប សម្រាប់គាំទ្រការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងទៀតថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឲ្យស្របតាមស្តង់ដា និងឧត្តមានុវត្តន៍ អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធ ដែលផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬ លទ្ធផល និងវិមជ្ឈការ។
ឯកឧត្តម បានថ្លែងថា សមិទ្ធផលដ៏ត្រចះត្រចង់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី១ រហូតមកដល់បច្ចុប្បន្ន បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលអាចសន្សំ និងបង្ហូរថវិកាកាន់តែច្រើន ទៅកាន់វិស័យអាទិភាព ក៏ដូចជាអាចបង្កើនយ៉ាងច្រើន នូវធនធានវិនិយោគ សាធារណៈក្នុងស្រុក, ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលជាប្រការជួយលើក ស្ទួយមួយកម្រិត ដល់ឯករាជ្យភាព ផ្នែកថវិការបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ៣ឆ្នាំ នៃវិបត្តិជំងឺកូវីដ-១៩ កន្លងទៅ, រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ដើម្បីគាំទ្រការអនុវត្តគោល-នយោបាយ និង វិធានការអន្តរាគមន៍ទាំងឡាយ សំដៅជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការរក្សាលំនឹងធុរកិច្ចរបស់វិស័យឯកជន ដែលបាន និងកំពុងបន្តទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិជំងឺកូវីដ-១៩។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងបន្តខិតខំដោះស្រាយបញ្ហាប្រឈម និង ហានិភ័យផ្នែកម៉ាក្រូសេដ្ឋកិច្ចនានា, ជាពិសេស ផលប៉ះពាល់ពីវិបត្តិនៃសង្រ្គាមរវាងរុស្សី និង អ៊ុយក្រែន ដែលនេះបានរុញអត្រាអតិផរណា ឲ្យកើនឡើងកាន់តែខ្ពស់ ជាអាទិ៍ៈ ការឡើងថ្លៃប្រេងឥន្ធនៈ, ចំណីអាហារ, ជីកសិកម្ម និង ទំនិញស្ទើរគ្រប់ប្រភេទ, ទាំងតាមរយៈគោលនយោបាយសារពើពន្ធ និង គោលនយោយគន្លឹះផ្សេងទៀត។ នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងន័យនេះ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងកែលម្អជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏សូមជម្រាបជូនផងដែរថា នៅក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានរៀបចំ ស្រេចបាច់ ដោយក្រុមការងារជំនាញនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ដោយបានឆ្លងកាត់ការពិគ្រោះ យោបល់យ៉ាងទូលំទូលាយជាមួយដៃគូ និង តួអង្គពាក់ព័ន្ធ ហើយត្រូវបានអនុម័តដោយកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីពេញអង្គ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា លោកនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមប្រជុំជាមួយគណៈកម្មការទី ២ រដ្ឋសភា ដើម្បីពិនិត្យ និង ពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ។ លោកសង្ឃឹមថា យ៉ាងយូរក្នុងត្រីមាសទី២ ឆ្នាំ ២០២៣, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នឹងត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ឯកឧត្តម បានថ្លែងថា ច្បាប់ថ្មីនេះ គឺជាក្របខណ្ឌគតិយុត្តមួយកំណត់ អំពីគោលការណ៍ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កំណត់អំពីមុខងារ និង ការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធសំខាន់ៗ ក៏ដូចជាការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និង ការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន ចំពោះរាជរដ្ឋាភិបាល និង រដ្ឋសភា ក្នុងក្របខណ្ឌនៃកញ្ចប់ថវិការបស់ខ្លួន ដើម្បីបំពេញបេសកកម្មបម្រើ ឲ្យគោលបំណងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល លើមូលដ្ឋាននៃប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម៕