(ភ្នំពេញ)៖ ឯកឧត្តម អ៊ូអ៊ីណូ អាតស៊ូហ្ស៉ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅកម្ពុជា បានប្តេជ្ញាថានឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃជាមួយកម្ពុជា។
ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម អ៊ូអ៊ីណូ អាតស៊ូហ្ស៉ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត «ដៃគូយុទ្ធសាស្រ្ត» នៅឆ្នាំ២០១៣ ទៅជាកម្រិត «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។
បន្ថែមពីនេះ សម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា-ជប៉ុន និងការដំឡើងកម្រិតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ទៅជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។ សម្តេចបានប្រសិទ្ធពរឱ្យចំណងមិត្តភាព និងសហប្រតិបត្តិ ការរវាងប្រទេស និងប្រជាជនទាំងពីរស្ថិតស្ថេរចីរកាល។
ឯកឧត្តម អ៊ូអ៊ីណូ អាតស៊ូហ្ស៉ី បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានវប្បធម៌ដ៏សម្បូបែប មានប្រាសាទអង្គរវត្ត ជាបេតិកភ័ណ្ឌពិភពលោក។
ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ ជប៉ុន-កម្ពុជាបានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ឆ្នាំ២០២៣នេះ ប្រទេសទំាងពីរប្រារព្ធខួបអនុស្សាវរីយលើកទី៧០ នៃទំនាក់ទំនងការទូត ដោយបានដំឡើងពីកម្រិតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ពីកម្រិតដៃគូរយុទ្ធសាស្រ្ត ទៅជា ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣។
ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភា នៃប្រទេសទាំងពីរ ជាកត្តាដ៏សំខាន់សម្រាប់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ទន្ទឹមគ្នានេះ ព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏មានក្រុមមិត្តភាពទ្វេភាគីជាមួយគ្នាផងដែរ។
លើសពីនេះទៀត ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា «តាមរយៈបេសកកម្មការទូតរបស់លោកនៅ ព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត»។
ប្រទេសកម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងការទូតផ្លូវការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលរហូតមកដល់ពេលនេះមានរយៈពេល៧០ឆ្នាំហើយ។ ប្រទេសទាំងពីរបានឯកភាពគ្នា ដំឡើងកម្រិតទំនាក់ទំនងនេះ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលធ្វើឱ្យជប៉ុន ក្លាយទៅជាប្រទេសទី២ បន្ទាប់ពីប្រទេសចិន ដែលមានទំនាក់ទំនងជាមួយកម្ពុជា ក្នុងកម្រិតខ្ពស់បំផុត៕